ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកគោយន្តពេញទំហឹងបណ្តាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេចក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយដោយបេីកបរម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងក្នុងទិសដៅស្របគ្នា ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង២៣នាទី ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ៨៥-៨៦ ស្ថិតក្នុងភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃមួយគ្រឿងធ្វេីដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ គោយន្តបានបែកកង់ ហើយក៏បម្រុងនិងឈប់ ស្របពេលនោះមានម៉ូតូមួយគ្រឿងបេីកបរដោយបុរសម្នាក់ បានបើកមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ក្រោយឃើញដូច្នេះ អ្នកបើកបរគោយន្តបានបើករត់គេច ចេញពីកន្លែងកើតហេតុ រួចបានទុកគោយន្តចោល គេចខ្លួនបាត់ ។

ចំណែកសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំរិត ថេត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូតាសេក ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ បើកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.1CG.2181 ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃមិនស្គាល់អត្តសញ្ញាណ និងបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។

ក្រោយចុះដល់ និងបានវាស់វែងរួចរាល់ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៅពេលក្រោយ ៕ ភ្នំដា


ចែករំលែក៖