ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅ៣ និងអាជ្ញាធរប្រជាការពារបាននាំគ្នាដេញចាប់លោកនេនមួយអង្គ បន្ទាប់ពីរាំ បញ្ចេញក្បាច់គុននៅលើស្តូក ចម្លាក់សួនរង្វង់មូលចោមចៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយត្រូវបាននាំទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគណចាត់វិធានការ តាមវិន័យសង្ឃ ។
កូននេនខាងលើ ព្រះនាមឌួង វណ្ឌី ព្រះជន្ន២១ ព្រះវស្សា បួសរៀនជាសង្ឃ នៅខាងខេត្តបាត់ដំបង ទើបតែវិលមកគង់នៅ វត្តក្រាំងធ្នង់ ចេញ ចូល ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្នុងរយៈពេល៤សប្តាហ៍មកហើយ ។
តាមសង្ឃដីកា បានឲ្យដឹងថា នេនខាងលើ បានបួសរៀន ជាសង្ឃរយៈពេល៦ខែមកហើយ នៅខាងខេត្តបាត់ដំបង ហើយប្រើប្រាស់ថ្នាំញៀន តាំងពីពេលនោះមក រហូតដល់ ចាកចេញពីវត្ត មកទីក្រុងភ្នំពេញ រយៈពេល១ខែនេះ គង់ស្នាក់នៅជាបណ្តោះអាសន្ននៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញព្រះសង្ឃមួយអង្គ និមន្តមកដល់សួនច្បាររង្វង់មូលចោមចៅ ដើរបិណ្ឌបាត្រ រួចបែរជាដោះស្បង់ជីវរចេញ ស្លែកតែសំពត់ងូត ហក់ឡើងទៅលើស្តូប ចម្លាក់ រាំ បញ្ចេញក្បាច់គុន បង្កឲ្យភ្ញាក់ផ្អើល ដល់អ្នកដំណើរ ។
ហេតុការណ៍ព្រះសង្ឃខាងលើកើតឡើងភ្លាមៗ ត្រូវបានគេរាយការណ៍ទៅខាងអាជ្ញាធរ សមត្ថកិច្ច ដើម្បីចាត់វិធានការ ជៀសវាងបង្កផលប៉ះពាល់ដល់ ព្រះសង្ឃ ដែលប្រកាន់ខ្ជាប់នូវ ធម៌ វិន័យ ក្នុងព្រះពុទ្ធសាសនា ទើបកម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ សង្កាត់ចោមចៅ៣ រួមជាមួយកម្លាំងនគរបាលក្រុង ប្រចាំគោលដៅរង្វង់មូល នាំគ្នាព័ទ្ធដេញចាប់ ទម្រាំឃាត់ ព្រះសង្ឃអង្គនេះបាន ប្រើប្រាស់កម្លាំង ជាច្រើននាក់ ហើយក្នុងប្រតិបត្តិការខាងលើ ត្រូវបាន កូននេនខាងលើ តដៃជាមួយកម្លាំងផងដែរ ទោះជាយ៉ាងណាក្តី ឡោមព័ទ្ធ រហូតដល់ចាប់បាន នាំយកទៅសាលាសង្កាត់ចោមចៅ៣ និងបន្តទៅ កាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគណ គង់ប្រចាំទីនោះ ចាត់វិធានការទៅតាម វិន័យសង្ឃ ។
តាមការិយាល័យធម្មការ ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោយពីឃាត់ នាំព្រះសង្ឃមួយអង្គខាងលើ ដែលមានអការសង្ស័យបែកថ្នាំ ក្រោយពីធ្វើសកម្មភាព ប្រាសចាកពីធម៌វិន័យ ខ្លួនជាសង្ឃ បង្កឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សង្ឃដទៃ ទើបមន្រ្តីធម្មការ សម្រេចនាំសង្ឃខាងលើទៅកាន់វត្ត ជម្ពូវ័ន ដើម្បីឲ្យអនុគណ ចាត់វិធានការ ទំនាក់ទំនងទៅខាង វត្តដែលនេនរូបនេះ បួសរៀន គង់នៅ មកទទួលនាំទៅវត្តដើមវិញ ជៀសវាង និមន្តដើរ បង្កបញ្ហា ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ពិសេសក្នុងជួរជាព្រះសង្ឃ ៕ សុខាសែនជ័យ