ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្លន់៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពកាប់ប្លន់ស្រ្តីម្នាក់កាលពី៦ថ្ងៃមុន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់ស្ត្រីម្នាក់ប្លន់យកម៉ូតូបានសម្រេចហើយគេចខ្លួនអស់រយះពេល៦ថ្ងៃ ។

ប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ស៉ឹម សុខឃីមអាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា មានទីលំនៅម្ដុំ ផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅស្រុកឧដុង ខេត្តកំពង់ស្ពឺ ។ បានបាត់បង់ម៉ូតូម៉ាកហុងដា Zoomer X ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1GV-7475 ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ទី១,ឈ្មោះរឿង រ៉ន ហៅជាតិ ហៅឡេង អាយុ២៤ឆ្នាំមុខរបរលីកាតុង ស្នាក់នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ។ ជននេះ គឺជាមុខសញ្ញាគាស់បន្ទប់ និងគាស់ផ្ទះយ៉ាងសកម្មរាប់ដងមិនអស់ ទី២,ឈ្មោះអន ម៉េង ហៅ ពៅ អាយុ១៩ឆ្នាំ និងទី៣ឈ្មោះស៊ឹម បញ្ញា ហៅម៉ៅអាយុ១៦ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត មានទីលំនៅក្នុងូមិអង្គកែវ សង្កាត់ចោមចៅ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រ្តីរងគ្រោះបានជិះម៉ូតូធ្វើដំណើរមកពីខេត្តកំពង់ស្ពឺចូលភ្នំពេញតែម្នាកឯង ។ លុះពេលទៅដល់ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានក្រុមជនសង្ស័យខាងលើជិះម៉ូតូដេញតាមគំរាមកាប់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្ដង ។ ពេលនោះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងហើយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅក្រោមការបញ្ជាដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវនិងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់ ។ ដោយដកហូតបានកាំបិត ដាវ ថ្នាំញៀន ព្រមទាំងសម្ភារៈមួយចំនួនទៀតផងដែរ ។

បច្ចុបបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖