ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចុះអនុវត្តន៍ដីកាបង្គប់ឲ្យចាប់.ឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តស្វាយរៀង ក្នុងនោះឃាត់ខ្លួនបុរសសង្ស័យម្នាក់ ដោយជាប់ចោទពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្ទឹងកណ្តាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាល នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងអនុវត្តតាមដីកាខាងលើឈ្មោះ យស់ សាវ៉ុង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិចន្រ្ទា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បច្ចុប្បន្ន៖ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោក អធិការនគរបាលបន្តថា ការដែលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តន៍ឡើងតាម(ដីកាបង្គាប់ឲ្យចាប់.ឃុំខ្លួន.លេខ៣៧៤ បគចខ,១៧ ដោយជាប់ចោទពីបទ៖ អំពើរលួចមានស្ថានទម្ងន់ទោស និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រិត្តឡើងនៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។
លោក បន្តទៀតថា ជនសង្ស័យបាននាំខ្លួនយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរងចាំងកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខេត្តស្វាយរៀងមកទទួលយក៕ ប៉ឹម ពិន