ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបើកយុទ្ធនាការទាំងថ្ងៃទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបានលើការងារគ្រប់គ្រងរដ្ឋបាល ការងារសន្តិសុខ សណ្តាប់នៅក្នុងមូលដ្ឋានឲ្យបានប្រសើរឡើងថែមទៀត គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបើកយុទ្ធនាការទាំងថ្ងៃទាំងយប់សំដៅពង្រឹងការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារគ្រប់គ្រងការធ្វើអាជីវកម្មគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព ។

ឆ្លៀតពេលសម្រាក់ពីការងាររាជការ ថ្ងៃទី២៤_២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃចុងសប្តាហ៍ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌបានបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំងយាន ដ្ឋានចំនួន៥កន្លែង និងបិទការធ្វើអាជីវកម្មបណ្តោះអាសន្នចំនួន៤កន្លែងព្រោះគ្មានច្បាប់អនុញ្ញាតិ និង១កន្លែងទៀតបានធ្វើការអប់រំណែនាំឲ្យម្ចាស់ទីតាំងអនុវត្តទៅតាមគោលការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ ។

បន្ទាប់ពីចុះត្រួតពិនិត្យទីតាំងយានដ្ឋានរួចមកគណៈបញ្ជាការឯកភាពបានបន្តយុទ្ធនាការពេលយប់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោក ។ យុទ្ធនាការនេះធ្វើឡើងស្ទើរៀងរាល់យប់នៅតាមផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌ សំដៅពង្រឹងសន្តិសុខ និងទប់ស្កាត់ កុំឲ្យកើតមានបទល្មើសផ្សេងនៅក្នុងមូលដ្ឋាន ។ ដោយ ឡែកការងារសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានក៍ដាក់បញ្ចូលក្នុងផែនការអនុវត្តជាប្រចាំ ជាពិសេសផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រែកឯង និងកំណាត់ផ្លូវលេខ៣៦៩ ។

អភិបាលរងខណ្ឌលោករស់ សុភក្តិបានឲ្យដឹងថា ដោយទទួលបានការណែនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការណែនាំបន្ថែមពីលោកអភិបាលខណ្ឌ គណៈបញ្ជាការឯកភាពបានអនុវត្តជាបន្តបន្ទាប់ចុះត្រួតពិនិត្យទីតាំងយានដ្ឋានចំនួន៥កន្លែង នៅក្នុងសង្កាត់និរោធ៣ទីតាំង និងសង្កាត់ក្បាលកោះ២ទីតាំង ហើយឈានដល់ការបិទការធ្វើអាជីវកម្មបណ្តោះអាសន្នចំនួន៤ទីតាំងដើម្បីឲ្យម្ចាស់ទីតាំងទៅបំពេញបែបបទសុំធ្វើអាជីវកម្មស្របតាមនីតិវិធី ។ ជាមួយគ្នានេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានបើកយុទ្ធនាការជាបន្តបន្ទាប់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសម្អាតបរិស្ថាននៅលើកំណាត់ផ្លូវជាតិលេខ១ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ។

ចំពោះការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តន៍ច្បាប់ចរាចរក៍បើកយុទ្ធនាការជារៀងរាល់យប់ដោយផ្លាស់ប្តូវេនគ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល។ ទោះជាយ៉ាងណាក៍ដោយបញ្ហាទាំងអស់នេះអនុវត្តទៅបាន និងប្រកបដោយប្រសិទ្ធទាមទារឲ្យមានការចូលរួមពីមជ្ឈដ្ឋានប្រជាពលរដ្ឋទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងការងារផ្សេងៗទៀត ៕ សណ្តោស


ចែករំលែក៖