ព័ត៌មានទាន់ហេតុការណ៍៖

ជិះឡានដេញតាមបាញ់សម្លាប់មនុស្សនៅខណ្ឌសែនសុខដូចរឿងកុនហូលីវូដ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង ជិះរថយន្តមិនស្គាល់ម៉ាកតាមបាញ់ប្រហារ ប៉ងផ្តាច់ជីវិតទាំងកណ្តាលអធ្រាត្រថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ និងមានទីលំនៅផ្ទះកន្លែងកើតហតុ ចំណែកបុរសជាដៃគូ មិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា មានមុខរបរជាអ្នករកស៊ី និងមានទីលំនៅ ម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ និងជាម្ចាស់រថយន្ត Tacoma ស្លាកលេខ ភ្នំពេញ 2Q-5081 ។

តាមសម្តីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះរថយន្ត តាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច ។ ពេលបើកមកដល់មុខផ្ទះ ជនរងគ្រោះ ដែលជាកន្លែងកើតហេតុ បម្រុងបើកទ្វារចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានបើកមកឈប់ក្បែរ ហើយអ្នកជិះក្នុងរថយន្តដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះផ្នែកខាងស្តាំចំនួន៥គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះ ទាំងពីរនាក់ដែលនៅក្នុងរថយន្ត Tacoma ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសដែលបើករថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ រងរបួសធ្ងន់ទាំងពីរនាក់ ។

បន្ទាប់មក ជនសង្ស័យបានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកវត្ថុតាងជាក្បាលគ្រាប់កាំភ្លើង ទុកឲ្យសមត្ថកិច្ចរើសយកទៅធ្វើកំណត់ហេតុផងដែរ។ ដោយឡែក ជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ៕ សុខាសែនជ័យ


ចែករំលែក៖