ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីក្រមុំចាស់ម្នាក់ប្រទះឃើញស្លាប់ក្នុងស្រះទឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗឃ្វាលក្របី ខណៈប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ ដេកស្លាប់ក្នុងស្រះទឹក ជិតភូមិ សង្ស័យស្រវឹងស្រាវង្វេងដើរធ្លាក់ស្រះទឹកលង់កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ព្រៃចំណារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ថោង អីត អាយុ៤៧ឆ្នាំ ជាក្រមុំចាស់ មានទីលំនៅក្នុងភូមិ ឃុំក្បែរកន្លែងកើតហេតុ ។

ប្រភពបន្តថា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានចេញពីផ្ទះ ដោយទៅចូលរួមពិធីបុណ្យអ្នកក្នុងភូមិ ជិតគ្នា ហើយបាត់រហូត លុះមកដល់ព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ (រយះពេល២ថ្ងៃ) ទើបមានអ្នកប្រទះឃើញផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋថា មានមនុស្សដោយសារស្លាប់លង់ទឹក ទើបដឹងថាស្ត្រីខាងលើ ។

ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សស្លាប់ សមត្ថកិច្ចស្រុកឃុំ និងគ្រូពេទ្យបានចុះមកពិនិត្យសាកសព ភ្លាមៗបន្ទាប់ពីពិនិត្យទៅលើសាកសពមកពុំមានស្លាកស្នាមអ្វីនោះទេ សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖