ខេត្តតាកែវ៖ ដើមកញ្ឆាប្រមាណជាង១ម៉ឺនដើម ដែលប្រជាពលរដ្ឋលួចលាក់ដាំដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ ចុះបង្ក្រាប និងកាប់បំផ្លាញចោល ដែលប្រតិបត្តិការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០១៨។
ការបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ រួមនឹងអធិការរង នាយផ្នែក នាយរងផ្នែក និងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ទាំង១២ សរុបទាំងអស់៧៧នាក់។
លោកយុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា ដំណាំកញ្ឆាដែលជនខិលខូចលួចដាំដោយខុសច្បាប់នោ: ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកចុះកាប់បំផ្លាញចោល ដែលមានចំនួន៧៥ទីតាំង ក្នុងនោ:សមត្ថកិច្ចបានកាប់បំផ្លាញចោលនៅដើមកញ្ឆាចំនួន១៣.៣៧៤ដើម អណ្តូងប្រស់ទឹកចំនួន៤៩អណ្តូង ស្ថិតនៅចំណុចដាក្រឡាញ់ ដុបថ្មចង្ក្រាន បង្គោលអង់តែន ខ្នងបន្ទាយចាស់ រួមនឹងខាងក្រោមជួរភ្នំបាយ៉ង់ ដែលស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ដែលមានផ្ទៃដីសរុប៤.៧៣១ម៉ែត្រការ៉េ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងតែស្រាវជ្រាវស្វែងរកម្ចាស់ដែលដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ភ្នំដា