ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃគំរាមចាប់ខ្លួនក្រុមអ្នកប្រឆាំង

ចែករំលែក៖

កាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Panitan Wattanayagorn ទីប្រឹក្សា របស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ Prawit Wongsuwan បានប្រកាសថា នៅពេលនេះ រាល់សកម្មភាពនយោបាយត្រូវបានហាមប្រាម ហើយលោកព្រមានថា កម្លាំងសន្តិសុខនឹងបង្ក្រាបរាល់ការប្រមូលផ្តុំ ធ្វើសកម្មភាពនយោបាយណាមួយ។

លោក Panitan បានបញ្ជាក់ទៀតថា បុគ្គលដែលជាប់ពាក់ព័ន្ធនឹងការប្រមូលផ្តុំ នាពេលកន្លងមក គឺមានបទពិសោធន៍ខ្ពស់ បើទោះបី ភាគច្រើនជាសិស្សមហាវិទ្យាល័យក្តី។ លោកបន្តទៀតថា កម្លាំងសន្តិសុខនឹងស្រាវជ្រាវចាប់ខ្លួនអ្នកដែល នៅពីក្រោយ ក៏ដូចជាទប់ស្កាត់ ការបះបោរ ដោយមាន អ្នកនៅបរទេសជំរុញ។ មន្ត្រីខាងលើ បានបញ្ជាក់ទៀតថា នឹងដាក់ទោសអ្នក ដែលបំពានច្បាប់ ។

ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ថៃ NCPO លោក Winthai Suvaree បានឲ្យដឹងថា រដ្ឋាភិបាលយោធាថៃ នឹងខិតខំសហការ និងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងគម្រោងប្រឆាំងរដ្ឋាភិបាល ។

លោក Winthai បានបញ្ជាក់ទៀតថា ប៉ូលិសកំពុងតែគ្រប់គ្រងស្ថានភាព ។ អ្នកដែលសង្ស័យពីការដឹកនាំរបស់រដ្ឋាភិបាល គឺជាអ្នកល្ងង់ខ្លៅ ជាក្រុមបះបោរបង្កអសន្តិសុខនៅក្នុងសង្គមតែប៉ុណ្ណោះ។

ការប្រមូលផ្តុំ របស់កុ្រមគាំទ្រការបោះ ឆ្នោត រួមជាមួយក្រុមនិស្សិត និងអ្នកនយោ បាយ បានធ្វើឲ្យស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកាន់តែស្មុគស្មាញថែមទៀត។ នៅពេលនោះរដ្ឋាភិបាលយោធារងការវាយប្រហារ លើគ្រប់វិស័យដោយក្រុម បះបោរ។

កន្លងមកគណបក្សភឿថៃ ទទួលរង​នូវពាក្យចចាមអារ៉ាមថា ស្ថិតនៅក្រោមការដឹកនាំពីចម្ងាយរបស់ លោកថាក់ស៊ីន ដដែល ។ប៉ុន្តែថ្នាក់ដឹកនាំគណបក្សភឿថៃបានចេញមុខប្រកាសច្រានចោលព័ត៌មាន ថាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនជាអ្នកនៅពីក្រោយដឹកនាំគណបក្ស។ លោក Phumtham wechayachai អគ្គលេខាធិការគណបក្សភឿថៃបានច្រានចោលព័ត៌មានខាងលើ ក្រោយពេលដែល មានក្តីបារម្ភថា គណៈកម្មការសន្តិសុខជាតិ NCPO កំពុងតែ ស្វែងរកភស្តុតាង ក្នុងការរំលាយគណបក្សនេះបើមានអ្នកនៅបរទេស ពីក្រោយខ្នង។

ប្រធានគណបក្សភឿថៃបានបញ្ជាក់ថា គណបក្សភឿថៃមិនស្ថិតនៅក្នុងការបញ្ជា របស់លោកថាក់ស៊ីននោះទេ។តាមច្បាប់នៅក្នុងប្រទេសនេះគណបក្ស នយោបាយគឺមិនស្ថិតនៅក្រោមការដឹកនាំរបស់ជន បរទេសនោះឡើយ។

អគ្គលេខាធិការគណបក្សភឿថៃលោក Phumtham wechayachai បានបញ្ជាក់ថា ជំនួបរវាង សមាជិកគណបក្សជាមួយលោកថាក់ស៊ីននាពេលកន្លងមកមិនពាក់ព័ន្ធនឹង នយោបាយរបស់បក្សឡើយ។

មន្ត្រីសន្តិសុខថៃ បានប្រកាសឲ្យដឹងថា គណបក្សភឿថៃរបស់ លោកថាក់ស៊ីនអាច នឹងត្រូវ រំលាយ ពីបទបំពានច្បាប់ធម្មនុញ្ញ ដោយសារតែ ទុកឲ្យមនុស្សខាងក្រៅជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បក្ស ក្រោយពេលមានតំណាងរាស្ត្រសំខាន់ៗជាច្រើន របស់គណបក្សនេះទៅជួបជាមួយអតីត នាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រា គឺ លោកថាក់ស៊ីននិងលោកស្រីយីងឡាក់៕ ម៉ែវ សាធី

លោក Panitan Wattanayagorn

 


ចែករំលែក៖