ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងស្នើអាមេរិកកាត់បន្ថយរនាំងដើម្បីឈានដល់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន បានបង្ហាញពីទស្សនៈចង់ផ្សះផ្សាជាមួយកូរ៉េខាងជើងដើម្បីបញ្ចប់ភាពតានតឹងនឹងឆ្ពោះទៅរក សន្តិភាពពេញលេញ នៅក្នុងតំបន់ ។ ចំណុចទាំងនោះហើយបាន ជាលោកស្នើដល់

សហរដ្ឋអាមេរិក គួរតែបន្ថយរនាំង សម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ហើយជាការឆ្លើយតបប្រទេសកូរ៉េខាងជើង ក៏គួរតែបង្ហាញពីឆន្ទៈ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរវិញដែរ។

ក្នុងអំឡុងជំនួបជាមួយឧបនាយករដ្ឋ មន្ត្រីចិន លោក Liu Yandong នៅក្នុង ទីក្រុងសេអ៊ូល លោក មូន បាននិយាយថា នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញឲ្យឃើញថា ខ្លួនមានការបើក​ចំហទូលាយ ចូលរួមជាមួយសហរដ្ឋ អាមេរិក ក្នុងកិច្ចពិភាក្សាគ្នា ហើយអាមេរិក​វិញ ក៏កំពុងតែនិយាយអំពីសារសំខាន់នៃ កិច្ចពិភាក្សាគ្នានោះដែរ។

យោងទៅតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា លោក មូន ក៏បាននិយាយ ផងដែរថា មានតម្រូវការចាំបាច់មួយ សម្រាប់សហរដ្ឋអាមេរិកដើម្បីបន្ថយរនាំងសម្រាប់កិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាង ជើង រីឯកូរ៉េខាងជើងវិញ ក៏គួរតែបង្ហាញឲ្យ ឃើញថា ខ្លួនមានឆន្ទៈលុបបំបាត់អាវុធ នុយក្លេអ៊ែផងដែរ គឺវាមានសារសំខាន់​ណាស់ ដែលសហរដ្ឋអាមេរិកនិងកូរ៉េ ខាងជើង អង្គុយពិភាក្សារួមគ្នា ឲ្យបាន ឆាប់។

កន្លងមកទីប្រឹក្សាសន្តិសុខជាតិ ដែលជាតំណាងរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជេអុីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បានជួប ពិភាក្សាការងារជាមួយសមាជិកប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង នៅថ្ងៃចន្ទកន្លងមកនេះ ស្របពេលដែលភាពចម្រូងចម្រាសកំពុងកើតមាន ក្រោយប្រជាជនកូរ៉េខាងត្បូង មួយចំនួន បាននំាគ្នាធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់ប្រតិភូកូរ៉េខាង ជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅ ល្ងាចថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីថ្លៃងការណ៍របស់ខ្លួន វិមានប្រធានាធិបតី កូរ៉េខាងត្បូង បានឱ្យដឹងថា ភាគីទាំងពីរកត់ សម្គាល់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវ​រងាក្នុងទីក្រុង PyeongChang បានផ្ដល់ ឱកាសមួយដ៏សំខាន់ក្នុងការ សម្រេចឱ្យ បាននូវស្មារតីអូឡាំពិក សន្តិភាព និងការ ឯកភាព ព្រមទាំងដើម្បីបង្កើតសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ និង ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងកូរ៉េខាងត្បូង នឹងកូរ៉េ​ខាងជើង។

មិនតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍ ដដែលក៏បានបញ្ជាក់ដែរថា កូរ៉េទាំងពីរ បានឈានដល់ការបន្តធ្វើការងាររួមគ្នា ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិក សំដៅ សម្រួលដល់ ការស្វែងរកសន្តិភាពជាអចិ ន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ និរន្តរភាពនៃការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េ និងកិច្ចសហ ប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា លោក Kim Yong-chol បានដឹកនាំប្រតិភូកូរ៉េខាងជើង មកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាពិករដូវ រងាកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ ប្រជាជន កូរ៉េខាងត្បូង និងក្រុមសមាជិកសភាអភិរក្សនិយមកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើ បាតុកម្មតវ៉ានឹងដំណើរទស្សនកិច្ចរបស់ លោក Kim ដែលត្រូវបានគេចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយការបាញ់ ពន្លិចនា វាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង កាលពី ឆ្នាំ២០១០ ដែលបានសម្លាប់មនុស្ស ៤៦ នាក់៕ ម៉ែវ សាធី


ចែករំលែក៖