ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅឃុំឈើតុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជិះម៉ូតូឌុបគ្នាបើករំលោភផ្លូវភាគីម្ខាងជ្រុលបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៦ និង៤៨នាទីយប់ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសខាងម៉ូតូបង្កទី១ ឈ្មោះ ស្រង ទីសះ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម(អ្នកបើកបរ)ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B 3930(ធន់) និងអ្នករួមដំណើរទី១ ឈ្មោះ ទឺ សុភី ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម(បាក់ភ្លៅឆ្វេង)ទី២ ឈ្មោះ សុះ ទីសា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម(របួសធន់) អ្នកទាំង ៣នាក់រស់នៅភូមិ.ឃុំកើតហេតុខាងលើ ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះទៅដល់ចំណុចកើតហេតុបានជ្រុលរំលោភផ្លូវភាគីម្ខាង បណ្ដាលឲ្យបុកគ្នាពេញទំហឹងរបួសរដូករណេលតែម្តង នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា ។

លោក អធិការបន្តថា ភាគីម្ខាងទៀតឈ្មោះ ឈាន គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CG 5316(បាក់ភ្លៅឆ្វេង) និងអ្នករួមដំណើរឈ្មោះ រ៉ុច រុំ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ (របួសធន់) អ្នកទាំង ២នាក់រស់នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក បន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវទាំងសងខាងទាំងចំនួន ៥នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៉ឹម ពិន


ចែករំលែក៖