ភ្នំពេញៈ សមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្រោយមកមានជនរងគ្រោះមកទាន់ ក៏ចាប់ជនសង្ស័យទើបដឹងថា ជាចោរ លួចកាបូបលុយទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចតូបលក់ចាប់ហួយលេខ ៥ ភូមិ២ នៅតាមបណ្ដោយផ្លូវ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លីម គីមហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះលេខ១១A ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះឈ្មោះ លីម ស្រីស្រស់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ អ្នកលក់ចាប់ហួយ ស្នាក់នៅតូបលេខ៥ ភូមិ២ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីនារីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CV-៩៩៨៧ បានមកទិញថ្នាំដុសធ្មេញ ដោយឃើញកាបូបទុកនៅលើទុកប្រហែស ដោយឃើញឱកាសល្អ ជនសង្ស័យក៏បានឲ្យជនរងគ្រោះទៅយកថ្នាំដុសធ្មេញ ដើម្បីបន្លំលួចកាបូប លុះដល់នារីរងគ្រោះដើទៅក្រោយយកថ្នាំដុសធ្មេញ ឲ្យជនសង្ស័យ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបនោះរត់គេចខ្លួនបាត់ ដោយក្នុងកាបូបនោះមានលុយ ដុល្លារ និង លុយខ្មែរ សរុបចំនួន មួយពាន់ដុល្លាជាង ដោយពេលជនរងគ្រោះដើចេញមកវិញក៏បាត់ជនសង្ស័យ បាត់ទាំងកាបូប ក៏ព្យាយាមជិះម៉ូតូដើរកជនសង្ស័យក្រែងរកឃើញ ខណៈជិះមកដល់ចំណុចក្បាល់ថ្នល់តាមបណ្ដោយផ្លូវ២៧១ ក៏ឃើញជនសង្ស័យត្រូវសមត្ថកិច្ចចរាចរណ៍ឃាត់ខ្លួនព្រោះបើកបរមិនពាក់មួកសុវត្ថិភាពទើបជនរងគ្រោះទៅដល់កន្លែង កើតហេតុ ប្រាប់ពីដំណើរឿងទើបសមត្ថកិច្ចឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់កាតាមនីតិវិធី ៕ ស រស្មី