ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នាបន្តិចបន្តួចសោះ ស្រាប់តែលឺថាភាគីម្ខាងមានកាំភ្លើងខ្លីមួយដើម បើកដេញតាមរថយន្តមួយគ្រឿងដែលប៉ះគ្នានោះ និងដកកាំភ្លើងគំរាមភ្ជុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះមកអន្តរាគមន៍ភ្លាមៗ ។
ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ តាមបណ្តោយផ្លូវលេខ២៧១ ភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីបុរសជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ
បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២P-៤១៩០ ដោយចេញពីម្តុំកៅដាយ (ក្នុងមូលដ្ឋានខណ្ឌចំការមន) ស្រាប់តែពេលនោះមានរថយន្តម៉ាកធុនត្រា ពណ៌ខ្មៅ គ្មានផ្លាកលេខមួយគ្រឿងជិះគ្នា២នាក់ប្រុសម្នាក់ និងស្រីម្នាក់បើកបត់មិនប្រយ័ត្នក៏ជ្រុលមកបុករថយន្តរបស់គាត់ចំចំហៀងផ្នែកខាងក្រោយ បណ្តាលរងការខូចខាតតែម្តង ។ ភ្លាមនោះរូបគាត់ក៏បានហៅរថយន្តបង្កម៉ាកធុនត្រា នោះឲ្យឈប់ដើម្បីធ្វើការដោះស្រាយគ្នា ប៉ុន្តែបុរសអ្នកបើកបរនោះមិនបានឈប់ឡើយ ហើយបានបន្ថែមល្បឿនបើករត់គេចខ្លួនផងដែរ ។
ប្រភពដដែល បានបន្តទៀតថា ដោយបានឃើញរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវ ភ្លាមនោះគាត់(ជនរងគ្រោះ)ក៏បានបើករថយន្តដេញតាមរហូតមកដល់លើផ្លូវលេខ២៧១ទើបតាមទាន់ ស្រាប់តែបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបង្កនោះ បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក លើកមកភ្ជង់គំរាមគាត់តែម្តង ។ ហើយរថយន្តបង្កនៅតែព្យាយាមបើករត់គេចខ្លួនបន្តទៀត និងលើកកាំភ្លើងខ្លីមកភ្ជង់រូបគាត់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបគាត់មិនខ្លាច ដោយបើករថយន្តដេញតាមពីក្រោយរហូតដល់ចំណុចភភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ និងមានការកកស្ទះខ្លាំងនៅចំណុចភ្លើងស្តុបនេះ រូបគាត់ក៏បានស្រែកប្រាប់កម្លាំងនគរបាលចរាចរណ៍ដែលឈរជើងនៅចំណុចខាងលើ ជួយធ្វើអន្តរាគមន៍ឃាត់រថយន្តបង្ក និងឃាត់ខ្លួនអ្នកបើកបរដែលបានដកកាំភ្លើងភ្ជង់ទៅលើរូបគាត់ផងដែរ ។
បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ធ្វើការឃាត់រថយន្តបង្កនិងអ្នកបើកបរបានហើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យចុះមកជួយធ្វើអន្តរាគមន៍ដោយធ្វើការឆែកឆេទៅលើរូបគេផងដែរតែមិនបានឃើញមានអាវុធខ្លីជាប់ខ្លួនឡើយ ។ ដោយឃើញមានតែបង់កាំភ្លើងចំនួន១ដែលមានគ្រាប់ពេញក្នុងបង់នោះ ដាក់នៅក្នុងកូនកាបូបមួយ ចំណែកឯកាំភ្លើងត្រូវបានបុរសម្នាក់នោះទំនងជាលាក់ទុកបាត់ និងរកមិនឃើញ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងមនុស្ស និងរថយន្តទាំង២គ្រឿងទៅកាន់អាវុធហត្ថខណ្ឌមានជ័យដើម្បីធ្វើការសាកសួរបន្តទៀតផងដែរ ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ មន្ត្រីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា មិនមានការយកកាំភ្លើងខ្លីភ្ជង់គ្នានោះទេ គឺកើតឡើងដោយសារតែជម្លោះគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ បន្ទាប់ពីធ្វើការត្រួតពិនិត្យនិងឆែករកឃើញតែបង់កាំភ្លើងតែមួយប៉ុណ្ណោះ ដោយឡែកកាំភ្លើងរកឃើញនោះទេ ដោយអ្នកបើករថយន្តបង្កប្រាប់ថា គាត់បានទុកនៅផ្ទះមិនយកមកតាមខ្លួននោះទេ ព្រោះគាត់ក៏មានសិទ្ធប្រើប្រាស់អាវុធផងដែរ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ធ្វើការសម្របសម្រួលគ្នាបញ្ជប់នៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ដោយភាគីរថយន្តបង្ក ព្រមចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តឡិចស៊ីស RX300 ដើម្បីបញ្ចប់រឿងតែម្តង ៕ ស តារា