ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរបន្តិចបន្តួចសោះ ថាដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ផ្អើលអាវុធហត្ថខណ្ឌមានជ័យ

ចែករំលែក៖

​ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នាបន្តិចបន្តួចសោះ ស្រាប់តែលឺថាភាគីម្ខាងមានកាំភ្លើងខ្លីមួយដើម បើកដេញតាមរថយន្តមួយគ្រឿងដែលប៉ះគ្នានោះ និងដកកាំភ្លើងគំរាមភ្ជុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះមកអន្តរាគមន៍ភ្លាមៗ ។ ​

ករណី​​ភ្ញាក់ផ្អើលខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាចថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹងថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ភូមិ​ព្រែក​តា​គង់ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ជន​រង​គ្រោះ​សុំមិនបញ្ចេញឈ្មោះ

​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​បើករថយន្ត​មួយគ្រឿងម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២P-៤១៩០ ដោយចេញពី​ម្តុំ​កៅ​ដាយ ​(​ក្នុងមូលដ្ឋាន​ខណ្ឌចំការមន​)​ ​ស្រាប់តែ​ពេលនោះមាន​រថយន្ត​ម៉ាកធុនត្រា ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​បើក​បត់មិនប្រយ័ត្នក៏ជ្រុលមក​បុក​រថយន្ត​របស់​គាត់​ចំ​ចំហៀង​ផ្នែក​ខាងក្រោយ ​បណ្តាល​រងការខូចខាតតែម្តង ។ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​ហៅ​រថយន្ត​បង្កម៉ាកធុនត្រា នោះ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​​ដោះស្រាយ​គ្នា ​ប៉ុន្តែ​បុរស​អ្នកបើកបរ​នោះ​មិន​បាន​ឈប់​ឡើយ ហើយបាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួនផងដែរ ។

​ប្រភព​ដដែល ​បាន​​បន្ត​ទៀត​ថា ដោយ​បានឃើញ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ ភ្លាមនោះគាត់(​ជនរងគ្រោះ​)ក៏​បាន​បើករថយន្ត​ដេញ​តាម​រហូត​មក​ដល់​លើ​ផ្លូវ​លេខ​២៧១​ទើប​តាម​ទាន់ ​ស្រាប់តែ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​នោះ ​បាន​ដក​កាំភ្លើងខ្លី​មួយដើមមិន​ស្គាល់​ម៉ាក​ ​លើក​មក​ភ្ជង់​គំរាមគាត់តែម្តង ។ ហើយរថយន្តបង្ក​នៅ​តែ​ព្យាយាម​បើករត់គេច​ខ្លួន​បន្តទៀត និង​លើក​កាំភ្លើងខ្លី​មក​ភ្ជង់​រូប​គាត់​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែរូបគាត់មិនខ្លាច ដោយ​បើករថយន្ត​ដេញ​តាមពីក្រោយ​រហូត​ដល់​ចំណុច​ភ​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់​ និង​មានការ​កកស្ទះ​ខ្លាំង​នៅ​ចំ​ណុ​ច​ភ្លើងស្តុប​នេះ រូបគាត់ក៏​បាន​ស្រែក​ប្រាប់​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​ចំណុច​ខាងលើ ​ជួយធ្វើអន្តរាគមន៍​ឃាត់​រថយន្ត​បង្ក និង​ឃាត់ខ្លួនអ្នកបើកបរ​ដែល​បាន​ដកកាំភ្លើងភ្ជង់​ទៅលើ​រូប​គាត់​ផង​ដែរ ។

បន្ទាប់ពី​កម្លាំង​នគរបាល​ចរាចរណ៍​ធ្វើការ​ឃាត់រថយន្តបង្កនិងអ្នកបើកបរ​បាន​ហើយ​​ ក៏​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ធ្វើការ​ឆែកឆេ​ទៅ​លើ​រូបគេ​ផង​ដែរ​តែ​មិន​បានឃើញ​មាន​អាវុធ​ខ្លី​ជាប់​ខ្លួន​ឡើយ ។ ដោយ​ឃើញ​មាន​តែ​បង់​កាំភ្លើង​ចំនួន​១​ដែល​មាន​គ្រាប់​ពេញ​ក្នុង​បង់​នោះ ដាក់​នៅ​ក្នុង​កូន​កាបូប​មួយ ចំណែកឯ​កាំភ្លើង​ត្រូវ​បាន​បុរស​ម្នាក់​នោះ​ទំនងជា​លាក់​ទុក​បាត់ និង​រក​មិនឃើញ ​ទើបសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​មនុស្ស និង​រថយន្ត​ទាំង​២​គ្រឿង​ទៅ​កាន់​អាវុធហត្ថ​ខណ្ឌមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ទៀត​ផង​ដែរ ។

ពាក់ព័ន្ធ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះដែរ​ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ បានឲ្យ​ដឹង​ថា ​មិន​មានការ​យក​កាំភ្លើងខ្លី​ភ្ជង់​គ្នា​នោះទេ គឺកើតឡើង​ដោយសារ​តែ​ជម្លោះគ្រោះថ្នាក់​ចរាចរណ៍ប៉ុណ្ណោះ បន្ទាប់ពីធ្វើការត្រួតពិនិត្យនិង​ឆែក​រក​ឃើញ​តែ​បង់​កាំភ្លើង​តែ​មួយ​ប៉ុណ្ណោះ ដោយឡែក​កាំភ្លើង​រក​ឃើញនោះ​ទេ ដោយអ្នកបើករថយន្តបង្កប្រាប់ថា ​​គាត់​បាន​ទុក​នៅផ្ទះ​មិន​យក​មក​តាម​ខ្លួននោះ​ទេ ព្រោះគាត់ក៏​មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ផងដែរ ។

ក្រោយ​​កើតហេតុ​កម្លាំង​សមត្ថកិច្ច ​ធ្វើការ​សម្របសម្រួល​គ្នា​បញ្ជប់នៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ដោយ​ភាគី​រថយន្តបង្ក ព្រម​ចេញថ្លៃ​ជួសជុល​ទៅ​ឱ្យ​ភាគី​រថយន្ត​ឡិច​ស៊ី​ស RX300 ដើម្បី​បញ្ចប់រឿងតែម្តង ៕ ស តារា


ចែករំលែក៖