ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាវ៉េវបើកមិនប្រកាន់ស្ដាំបុកស៊ូមម័រអិចរបួសធ្ងន់ស្រាល៦នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៦នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកបញ្ច្រាសទិសគ្នា ពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យដួលរណូករណែលលើផ្លូវក្រាលគ្រួសក្រហមកាលពីថ្ងៃទី27 ខែកុម្ភះ ឆ្នាំ2018 វេលាម៉ោង៧យប់ត្រចំង់ណុចភូមិព្រៃក្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថាអ្នកបើកម៉ូតូរងគ្រោះមានម្ចាស់ ឈ្មោះ វ៉ាន់ វិបុល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃក្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ZOOMER.X ពណ៌សរលាយខ្មៅ ពាក់ស្លាកលេខ 1FY.8789 ភ្នំពេញ ដោយបានដឹកអ្នករួមដំណើរជាប្រពន្ធមាន ឈ្មោះ អន សំអ៊ាន អាយុ31ឆ្នាំ មមុខរបរកសិករ និងកូនស្រីឈ្មោះ ហាន ផល្លី អាយុ៩ឆ្នាំ មុខរបរសិស្ស ។

ចំណែកអ្នកបង្កហេតុមានឈ្មោះ ឌឹប ចំណាប់ ភេទប្រុស អាយុ21ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាក HONDA.WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ និងដឹកអ្នករួមដំណើរឈ្មោះ លាង កុសល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំជាមួយអ្នកបើកបរឈ្មោះ ចន សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងឫស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។​

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ដោយធ្វើដំណើរលើផ្លូវលំក្រាលក្រួស ក្រហមពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះបណ្តាលឲ្យដួលរណូករណែលពេញផ្លូវ ត្រូវបានអ្នកភូមិជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងដឹកទៅកាន់មន្ទីរពេទ្យទាំងសងខាង និងវាស់វែង និងអូសយកវត្ថុតាងទាំង២គ្រឿង មកកាន់នគរបាលរដ្ឋបាលសម្បត្តិមានជ័យដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖