ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបានឃាតកសតិមិនគ្រប់សម្លាប់បងប្រុសបង្កើតខឹងមិនទិញទូរស័ព្ទនិងម៉ូតូឲ្យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ បានចាប់ខ្លួនបុរសម្នាក់ដែលមានសតិមិនគ្រប់ ហើយបានវាយសម្លាប់បងប្រុសបង្កើតរបស់ខ្លួន ខណៈជនសង្ស័យរូបនេះជិះរថយន្តឈ្នួលពីរាជធានីភ្នំពេញត្រឡប់មកខេត្តស្ទឹងត្រែងវិញ ។

នគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យជាឃាតកសម្លាប់បងប្រុសឯងដែលសមត្ថកិច្ចចាប់ខ្លួនបាននេះឈ្មោះ ទូច សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ។ជនសង្ស័យរូបនេះ គឺជាមនុស្សមានសតិមិនសូវគ្រប់ជាយូរឆ្នាំមកហើយ។ ចំណែកជនរងគ្រោះមានឈ្មោះ ទូច តារា ហៅយ៉ាវ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមន្រ្តីនគរបាលផ្នែកការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

នគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនរងគ្រោះដែលត្រូវជាបងប្រុសបង្កើតរបស់ជនសង្ស័យ បានស្លាប់បាត់បង់ជីវិតដោយសារឈ្លោះប្រកែកជាមួយប្អូន(ជនសង្ស័យ)ហើយប្អូនបានយកដំបងវ៉ៃចំក្បាលពីក្រោយ។ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនគេខឹងបងប្រុសរបស់ខ្លួនដែលបានសន្យាជាមួយខ្លួនថា”ពេលឯងជាពីជំងឺពេលណា បងនឹងទិញទូរស័ព្ទ និងម៉ូតូឲ្យ ហើយមកដល់ពេលនេះ មិនឃើញទិញឲ្យ ខ្លួនខឹងក៏វាយសម្លាប់តែម្តងទៅ ។

សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសនេះ បន្ទាប់ពីវាយសម្លាប់បងប្រុសរួចគេចទៅភ្នំពេញ ហើយបានមួយថ្ងៃត្រឡប់មកខេត្តស្ទឹងត្រែងវិញ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖