ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៧នាក់ចូលខារ៉ាអូខេផឹកស្រាសាច់ដុំអស់៤៤ដបធំគ្មានប្រាក់ឲ្យគ្រប់ហៅម៉ែជួយ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមយុវជនជាក្មេងស្ទាវ៧ នាក់បាននាំគ្នាចូលផឹកស៊ីសប្បាយស្រីញីអូនបងក្នុងហាងខារ៉ាអូខេមួយកន្លែងដល់ពេលស្រវឹងគិតលុយអស់ស្រាសាច់ដុំចំនួន៤៤ដបធំបូករួមទាំងគ្រឿងក្លែមអស់ជាង ១លានរៀលហើយក្រុមក្មេងទាំងនោះគ្មានប្រាក់ឲ្យម្ចាស់ហាងបានបញ្ចាំម៉ូតូ លុះព្រឹកឡើងស្រែកហៅម្តាយឪពុកជួយដោះ បំណុលផឹកស៊ីនេះ ។

ពាក់ព័ន្ធរឿងរ៉ាវថៅកែហាងខារ៉ាអូខេ កោរលុយភ្ញៀវមិនដាក់ទឹកនេះមិនមែនជាលើកទីមួយទេ គឺច្រើនដងហើយដែលម្ចាស់ហាងខារា៉អូខេយីហោ “នាគរាំត្រីរាំ គីម លីន” ធ្វើដាក់ភ្ញៀវនោះ ។

ហេតុការណ៍បង្កការភ្ញាក់ផ្តើលថា ម្ចាស់ ហាងខារ៉ាអូខេកោរភ្ញៀវនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត នៅមុខហាងខារ៉ាអូខេ នៅចំណុចរ៉ារថភ្លើង តាមបណ្តោយផ្លូវខេត្តលេខ២២ ក្នុងភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ ។

ក្រុមយុវជនដែលច្រៀងផឹកស៊ីសប្បាយគ្មានប្រាក់ឲ្យថៅកែហាងគ្រប់រហូតបញ្ចាំ ម៉ូតូបាននិយាយាថា នៅយប់ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៨ ពួកខ្លួនមានគ្នា៧នាក់ បានចូលមកហូបចុក និងច្រៀងខារ៉ាអូខេ លេងសប្បាយនៅហាងឈ្មោះ“នាគរាំត្រីរាំ គីមលីន” ដោយមិនហ៊ានហៅស្រាបៀរ ហូបផឹកនោះទេព្រោះខ្លាចខ្វះលុយឲ្យទើបនាំគ្នាហៅស្រាសាច់ដុំធំដោយផឹកស៊ីអស់ចំនួនជាង១០ដបប៉ុណ្ណោះ ។

ក្រុមយុវជនបានបន្តទៀថា ពេលផឹកស៊ីនិងច្រៀងចប់ដោយស្រវឹងរៀងៗខ្លួនក៏ហៅម្ចាស់ហាងមកគិតលុយស្រាប់តែអស់ ១.៤០០.០០០រៀលទើបពួកភ្ញាក់ខ្លួនស្វាងស្រវឹងដោយនឹកស្មានមិនដល់អស់ច្រើនបែបនេះសោះ ។

នៅក្នុងវិក្កយបត្រគិតលុយគឺសរុបផឹកស្រាសាច់ដុំអស់ចំនួន៤៤ដបធំតាមពិត ពួកខ្លួនផឹកអស់យ៉ាងច្រើនប្រហែល១០ ប៉ុណ្ណោះ ព្រោះពួកខ្លួនបានផឹកមកពីខាងក្រៅខ្លះហើយនិងមិនជឿថាគ្នា៧នាក់ផឹកអស់ស្រារហូតដល់៤៤ដបនោះទេ ។

ក្រោយពីការគិតលុយហើយពួកខ្លួន មិនមានលុយឲ្យគ្រប់ទើបម្ចាស់ហាងតម្រូវឲ្យពួកខ្លួនទុកម៉ូតូនៅក្នុងហាងហើយឲ្យទៅផ្ទះយកលុយពីឪពុកម្តាយមកសងទើបឲ្យយកម៉ូតូទៅផ្ទះវិញ ។

លុះព្រឹកឡើងពួកខ្លួនបាននាំឪពុកម្តាយមកជួបម្ចាស់ហាងដើម្បីដោះស្រាយគ្នាទើបបង្កការភ្ញាក់ផ្អើល និងមហាជនចោមរោមមើលសំដែងការហួសចិត្តចំពោះម្ចាស់ហាងដែលរកស៊ីកេងបន្លំភ្ញៀវនេះ ។

ជុំវិញករណីម្ចាស់ហាងខារ៉ាអូខេឈ្មោះ“នាគរាំត្រីរាំ គីមលីន”តែងតែកោរភ្ញៀវមិន ដាក់ទឹកនេះកើតឡើងញឹកញាប់ណាស់តែគ្មានសមត្ថកិច្ចណាចុះណែនាំនោះទេ។ ម្យ៉ាងទៀតនៅទីតាំងខារ៉ាអូខេទាំងនោះ អាចជាកន្លែងជួញដូរ និងប្រើប្រាស់សារ ធាតុញៀនយ៉ាងសកម្មទៀតផង ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាចុះមកពិនិត្យរាល់ហាង ទាំងអស់នេះផងកុំឲ្យបានដៃខ្លាំងពេក ៕ ហេង សូរិយា


ចែករំលែក៖