ព័ត៌មានទាន់ហេតុការណ៍៖

បើកឡានល្បឿនលឿនមិនប្រយត្ន័បុកម៉ូតូជិះស្របទិសគ្នាស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តរតនគីរីៈ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសាររថយន្តសាំយ៉ុងបុកចំពីក្រោយពេញទំហឹង ខណះដែលកំពុងជិះម៉ូតូស្របទិសគ្នា។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី ។

ជនរងគ្រោះឈ្មោះ រ៉ាម បូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមាន ស្រុកកំណើតនៅ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូកែច្នៃ(គ្មានស្លាកលេខ)ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។

មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តសាំងយ៉ុងពណ៌ស (គ្មានស្លាក់លេខ)បើកបរស្របទិសមកពីក្រោយ ក៏ជ្រុលមកបុកម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

រថយន្តបានបន្ថែមល្បឿនព្យាយាមបើករត់គេចមកដល់ស្នាក់ការកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដវចុះរត់គចខ្លួនបាត់ភ្លាមៗដែរ រួចកម្លាំងអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវបានយករថយន្តទៅរក្សារទុកនៅបរិវេណអធិការដ្ឋាន។

សាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារសាចញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូជនរងគ្រោះរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំប៉ក់ញ៉ៃ រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមក្រោយ ៕ ជីវន្ត


ចែករំលែក៖