ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៣ឆ្នាំរត់លេងខាងក្រោយផ្ទះសង្ស័យរអិលជើងធ្លាក់ស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិជួយសង្គ្រោះជិវិត ប៉ុន្តែអកុសលយឺតពេលទៅហើយ ខណៈដែលក្មេងខាងលើរត់រអិលជើងធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះ គ្មានអ្នកដឹងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាច ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួនស្ថិតភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងរងគ្រោះលង់ទឹកស្លាប់នោះមានឈ្មោះ ហ៊ី លីហុង អាយុ ៣ ឆ្នាំ មាន ឪពុកមានឈ្មោះ ហីុ ចាន់ថា អាយុ ៣៦ឆ្នាំមុខរបរជាងកាត់កញ្ចក់ និងប្រពន្ធមានឈ្មោះ ព្រំ សុីនួន អាយុ ២៩ ឆ្នាំមុខរបរមេផ្ទះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ ក្មេងរងគ្រោះបានរត់លេងជាមួយក្មេងៗជាច្រើននាក់ ដោយបានរត់លេងខាងក្រោយផ្ទះប្រមាណជិតមួយម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលដល់ម្ដាយឪពុក ព្រោះបាត់មិនឃើញមកផ្ទះ ដោយមានការសង្ស័យនាំគ្នាដើររកស្រាប់តែប្រទះឃើញកូនក្នុងស្រះទើបនាំគ្នាចុះស្រង់យកមកធ្វើចលនាដើម្បីសង្គ្រោះ ប៉ុន្តែគួរឲ្យសោកស្តាយហួសពេលទៅហើយ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យលើសាកសពដោយពុំមានស្លាកស្នាមអ្វីហើយក៏បានប្រគល់សសពឲ្យទៅក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖