ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូរ៉ឺម៉កកង់បីរួចបើករត់រកកន្លែងសុវត្ថិភាពដើម្បីដោះស្រាយគ្នាជាក្រោយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទើបចេញពីកម្មវិធីមង្គលការបងប្អូន បើករថយន្តមួយគ្រឿងប៉ះរ៉ឺម៉កកង់បី បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ករេចង្កូតទៅកៀរនឹងរបាំងថ្មចែកទ្រូងផ្លូវផ្ងាររ៉ឺម៉កមួយចំហៀង បណ្តាលឲ្យអ្នកបើកបរ និងរួមដំណើររងរបួសស្រាល៤នាក់ ចំណែកអ្នកបើករថយន្តបានបន្ថែមល្បឿនបើករត់មកដល់រង្វង់មូលព្រហ្មមុខ៤ (រង្វង់មូលជ្រោយចង្វាថ្មី) ទើបឃាត់រថយន្តបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ឡិចសុីស RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3488 បើកបរដោយបុរសចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចសុីស RX400h បើកតាមផ្លូវ៧០ ក្នុងទិសដៅពីលិចទៅកើត ស្របទិសជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ខណះមកដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករេចង្កូតទៅកៀរនឹងរបាំងថ្មចែកទ្រូងផ្លូវផ្ងាររ៉ឺម៉កមួយចំហៀង បណ្តាលឲ្យអ្នកបើកបរ និងរួមដំណើររងរបួសស្រាល៤នាក់ បន្ទាប់ពីកើតហេតុអ្នកបើករថយន្តមិនបានឈប់ ដើម្បីដោះស្រាយគ្នាទេ បានបន្ថែមល្បឿនបើករត់មកដល់រង្វង់មូលព្រហ្មមុខ៤ក្បែរស្ពានជ្រោយចង្វា (រង្វង់មូលជ្រោយចង្វាថ្មី) ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ទើបឃាត់រថយន្តបានដោយសាររថយន្តបែកកង់មុខខាងឆ្វេង។

ក្រោយឃាត់រថយន្តបានអ្នកបើកបរបានប្រាប់ថា គាត់ទើបតែចេញពីពិធីមង្គលការបងប្អូន ហើយគាត់បើករត់នេះគឺដើម្បីរកកន្លែងសុវត្ថិភាពគឺមិនមានបំណងបើករត់គេចខ្លួននោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានសម្របសម្រួលដោយម្ចាស់រថយន្តបានលើកដៃសំពះសុំទោសភាគីម៉ូតូកង់បី រួចហើយសមត្ថកិច្ចនាំអ្នកបង្ក និងជនរងគ្រោះទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលស្រះចក ដោយអ្នកបើករថយន្តព្រមចេញសំណងថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ


ចែករំលែក៖