ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខឆ្មក់កាប់បុរសម្នាក់ត្រឡប់មកពីយកអាគុយដល់ពាក់កណ្តាលផ្លូវរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែត្រឡប់មកពីយកអាគុយ ជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ ត្រូវបានជនមិនស្គាល់មុខយកពូថៅកាប់បណ្តាលឲ្យរបួសហើយរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលបុរសចំណាស់ជនមិនស្គាល់មុខកាប់របួសនោះកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា បុរសវ័យចំណាស់រងគ្រោះ មានឈ្មោះឃួន ចាន់ អាយុ៦៣ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់បុរសរងគ្រោះបាននិយាយប្រាប់នគរបាលឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ពីភូមិទៅយកអាគុយមកដល់ចំណុចនៅចំណុចថ្លុកកក់ ពីខាងជើងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ត្រូវបានជនមិនស្គាល់មុខមានភិនភាគពាក់ម៉ាស រុំក្បាលក្រម៉ា បានកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួស ដៃខាងឆ្វេង និងផ្ទៃមុខជាច្រើនពូថៅជនរងរបួសជាទម្ងន់។

ក្រោយពីបង្កឲ្យជនរងគ្រោះរបួសហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានរាយការទៅលោកមេឃុំ ត្រូវបានលោកមេឃុំ នគរបាលប៉ុស្តិ៍ដំបូករូង សាច់ញាតិក្រុមគ្រួសារជនរងគ្រោះដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។

នគរបាលស្រុកមិនទាន់ហ៊ានសន្និដ្ឋានថា ជាករណីអ្វីពិតប្រាកដឡើយ ហើយករណីខាងលើកម្លាំងជំនាញនគរបាលស្រុកភ្នំស្រួចកំពុងតែស្រាវជ្រាវស្វែងរកជនដៃដល់ដើម្បីវែកមុខចាប់ខ្លួនយកមកផ្តន្ទាទោសនិងកសាងសំណុំរឿងតាមនីតិវិធី ៕ សេនា សក្តិ


ចែករំលែក៖