ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ឡាំប្រឺតា ដឹកសំរាមបានថយក្រោយកិនក្មេងទាំងពីរនាក់នេះ ពេលកំពុងជិះកង់ ។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវក្រាលកៅស៊ូមួយកន្លែងស្ថិតនៅក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុន ដេវិត ភេទប្រុស អាយុ៤ឆ្នាំ រស់នៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំពង្រ ស្រុករលាប្អៀរ និ ងម្នាក់ទៀតរងរបួសធ្ងន់នៅមិនទាន់បានស្គាល់ឈ្មោះឡើយ។ ចំណែកជនបង្កឈ្មោះ យឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិស្វាយជ្រុំចាស់ មានមុខរបរបើកឡាំប្រឺតា កង់បីដឹកសំរាម។
សមត្ថកិច្ចដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋនៅម្តុំនោះបានឃើញក្មេងប្រុស២នាក់កំពុងជិះកង់ឌុបគ្នាលេង ឡាំប្រឺតានេះ(កង់បី) ទៅដឹកសំរាមនៅកន្លែងកើតហេតុ ពេលនោះបានបើកឡាំប្រឺតានេះថយមកក្រោយដោយមិនបានមើលក្រោយ ក៍ជ្រុលទៅក្មេងប្រុសទាំងពីរនាក់ដែលកំពុងជិះកង់ឌុបគ្នា បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង និង ក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ កុមារដែលរងរបួសបានដឹកបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯកអ្នកបើកបរឡាំប្រឺតា(ម៉ូតូកង់បី) ត្រូវប្រជាពលរដ្ឋនៅទីនោះឃាត់ទុក ប្រគល់ឲ្យសមត្ថកិច្ច ។
ជនបង្ក និង ម៉ូតូឡាំប្រឺតា ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធី ៕ ចន្ថា