ព័ត៌មានទាន់ហេតុការណ៍៖

ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងបានប្រារព្វទិវានារី អន្តរជាតិ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ម៉ក់ ស៊ីថា និងមានការចូលរួមពីសំណាក់លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ជាទីប្រឹក្សាក្រសួង និងអង្គភាពក្រោមឱវាតយ៉ាងច្រើនកុះករញ៉ាំងឲ្យពិធីនេះមានភាពអធិកអធមយ៉ាងក្រៃលែង។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកជំទាវហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីសកម្មភាពការងារ លទ្ធផលសម្រេចបាននាឆ្នាំ២០១៧ ផែនការអនុវត្តបន្ត និងរបាយការណ៍សង្ខេបរបស់លោកស្រី ទេស ច័ន្ទសារឿនស្តីពីសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រទេសជាអាទិ៍សមភាពយែនឌ័រ ស្រ្តីបានចូលរួមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍប្រទេស តួនាទីស្រ្តីក្នុងជួររាជរដ្ឋាភិបាល ស្រ្តីជាមួយការអប់រំនិងបណ្តុះបណ្តាល ស្រ្តីជាថ្នាក់ដឹកនាំក្នុងសង្គមនិងគ្រួសារ ស្រ្តីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ល។ នាឱកាសនេះលោកស្រី អគ្គលេខាធិការ រងតំណាងឲ្យស្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានធ្វើការប្តេជ្ញាចិត្តថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ រួមគ្នារក្សាឲ្យបាននូវប្រពៃណី វប្បធម៌ដ៏ប្រពៃរបស់ជាតិ ចូលរួមលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារនិងក្នុងសង្គម យកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចក្នុងស្ថាប័នរបស់ខ្លួនឲ្យបានល្អប្រសើរ ខិតខំអភិវឌ្ឍខ្លួនឯងបន្ថែមទៀតធ្វើយ៉ាងណាប្រែក្លាយខ្លួនឲ្យទៅជាស្រ្តីមានសមត្ថភាព ចំណេះដឹងនិងបទពិសោធន៍សាកសមជាឆ្អឹងខ្នងរបស់ជាតិ និងជាពិសេសបំពេញតួនាទីជាម្តាយរបស់កូននិងជាភរិយារបស់ស្វាមីឲ្យបានល្អប្រពៃ។

មានប្រសាសន៍សំណេះសំណាលជាមួយស្រ្តីនាឱកាសនេះ លោករដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់សូមធ្វើការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលស្ត្រីរបស់ក្រសួងសម្រេចបាននាឆ្នាំ២០១៧ និងសូមធ្វើការគាំទ្រ លើកទឹកចិត្តដល់ផែនការសកម្មភាពបន្តទៀតដើម្បីចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកស្ថិតក្រោមការដឹកនាំយ៉ាងត្រឹមត្រូវនិងឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទស្តីពី “ស្រ្តីរួមគ្នារក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ” ជាប្រធានបទមួយស្របនឹងបរិបទរបស់ប្រទេស និងមានភាពស៊ីចង្វាក់ទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលនៅតែចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម និងជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តី ការកែប្រែឥរិយាបថសង្គម ការរើសអើងចំពោះស្រ្តី និងលើកកម្ពស់សិទ្ធិចូលរួមរបស់ស្រ្តីដោយស្មើភាព ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិ ស្របតាមក្របខ័ណ្ឌអភិវឌ្ឍន៍ថ្មី ការលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និង វិស័យឯកជនគឺជាតម្រូវការចាំបាច់ក្នុងសង្គមបច្ចុប្បន្ន។

ស្ថិតក្នុងបរិយាកាសដ៏មហោឡារិកនេះ លោករដ្ឋមន្រ្តីបានផ្តាំផ្ញើនិងណែនាំដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រោមឱវាទក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់លើក្តីកង្វល់ទាំង១២ ចំណុចដែលសន្និសីទពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំងបានលើកឡើងកាលពីឆ្នាំ១៩៩៥ គឺភាពក្រីក្រ ការអប់រំ សុខភាព បរិស្ថាន សិទ្ធិស្រ្តី វិសមភាពយេនឌ័រ និងភាពរើសអើងប្រឆាំងនឹងស្រ្តី ការផ្សព្វផ្សាយ អំពើហិង្សាប្រឆាំងនឹងស្រ្តីភេទ ផលវិបាកនៃជម្លោះអាវុធ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងនយោបាយ វិសមភាពក្នុងការធ្វើសេចក្តីសម្រេចបញ្ហាកុមារ។ តបតាមសំណើ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទឲ្យពិនិត្យ ពិចារណា និងវាយតម្លៃដល់គ្រប់ស្រ្តីដែលមានសមត្ថភាព ដើម្បីតែងតាំងនិងប្រគល់ភារកិច្ចជូនទៅតាមការចាំបាច់ ៕ សុខ ខេមរា

 

 


ចែករំលែក៖