ព័ត៌មានទាន់ហេតុការណ៍៖

ងងុយដេករេចង្កូតរថយន្តបុកអ្នកជិះម៉ូតូស្លាប់៣នាក់នៅក្បាលកោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរបង្ក ឡើងដោយអ្នកបើកបររថយន្តដឹកទំនិញរបស់ក្រុមហ៊ុន Fresh MEGA MART បានរេចង្កូតទៅបុកជនរងគ្រោះទាំ៣នាក់ដែលកំពុងជិះម៉ូតូបណ្តាលអោយស្លាប់រដូលរណែលពេញចិញ្ចើមផ្លូវកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅចំនុចមុខផ្ទះសំអាងការផាមួង ស្ថិតក្នុងភូមិជ្រោយអំពិលទី១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ខាងលើ មិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណ នៅឡើយនោះទេ។ ចំណែកអ្នកបើករថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ ។

រថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-0551 ជាប្រភេទរថយន្តឃ្លុប ដឹកទំនិញរបស់ក្រុមហ៊ុនFresh MEGA MART ។

ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ម៉ាក Zoomer-X ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GW-3252 ។

លោក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនFresh MEGA MART បើកក្នុងទិសដៅពីអ្នកលឿងទៅរាជធានីភ្នំពេញ ចំណែកជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង ។ មកដល់ចំនុចកើតហេតុអ្នកបើកបររថយន្តទំនងជាងងុយដេកបានរេចង្កូតទៅបុកជនរងគ្រោះទាំង៣នាក់ដែលកំពុងជិះម៉ូតូនៅខាងស្តាំរបស់ខ្លួន បណ្តាលខ្ទាតចេញពីផ្លូវស្លាប់នៅកន្លែងកើតហេតុទាំង៣នាក់យ៉ាងអាណោចអាធ័ម ដោយឡែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយភាគីខាងរថយន្តទាំងស្រុង ។

បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារទៅទទួលយកមកធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស


ចែករំលែក៖