ភ្នំពេញ ៖ ក្មេងប្រុស២នាក់ ដែលមានអាយុទើបតែ៥ឆ្នាំ បាននាំគ្នាចូលទៅងូតទឹកស្រះក្នុងវត្ត បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ និងម្នាក់ទៀតសល់ដង្ហើមចង្រិត ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨ នៅក្នុងស្រះទឹកក្នុងវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពក្មេងរងគ្រោះវិញ មានឈ្មោះ ផល្លី អម្រឹត ភេទប្រុស អាយុ៥ឆ្នាំ មុខរបរសិស្ស ស្នាក់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានម្តាយឈ្មោះ ឈិន ណូអែល មុខរបបនៅផ្ទះ និងឪពុក សុំមិនបញ្ចេញឈ្មោះ ហើយត្រូវជាកូនពៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ។ ចំណែកក្មេងប្រុសដែលរងរបួសធ្ងន់មានឈ្មោះ សុខ វិចិ្ឆកា អាយុ៥ឆ្នាំ មុខរបរសិស្សសាលាមតេយ្យបឋមសិក្សាឬស្សីសាញ់ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
យោងតាមសម្តីបុរសម្នាក់ឈ្មោះ ពេទ សៀក អាយុ៦៧ឆ្នាំ មុខរបរតាជីវត្ត ឬស្សីសាញ់ ស្នាក់នៅក្នុងវត្តឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះកង់ចេញពីក្នុងវត្ត គោលបំណងទៅដូរហ្គាស ឲ្យលោកសង្ឃ លុះរូបគាត់បានជិះមកដល់ជិតស្រះទឹកក្នុងវត្តក៏ប្រទះឃើញក្នុងទឹកស្រះដូចជា មានមនុស្សកំពុងតែលង់ទឹក ឃើញសកម្មភាពបែបនេះ រូបគាត់បានស្រែកហៅ ឲ្យអ្នកជិតខាងជួយមនុស្សលង់ទឹក លុះពេលនោះដែរក៏មានបុរសម្នាក់ឈ្មោះចាន់ ពក ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជាអ្នកស្រុកភូមិបានចុះទៅជួយស្រង់បានក្មេងប្រុសម្នាក់ឈ្មោះ សុខ វិច្ឆិកានៅមានដង្ហើម ត្រូវឪពុកម្តាយយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីស្រង់បានក្មេងប្រុសម្នាក់ហើយ បុរសរូបនោះបានចុះទៅរាវរកម្នាក់ទៀត ក៏ប្រទះឃើញក្មេងប្រុសម្នាក់ទៀតនោះដែលមានឈ្មោះ ផល្លី អម្រឹត បានបាត់ដង្ហើមទៅហើយនោះ ក៏ត្រូវឪពុកម្តាយយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកដង្កោ តែទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ក្មេងប្រុសម្នាក់នោះបានផុតដង្ហើមបាត់ទៅហើយ ។
ដោយឡែកបើតាមសម្តីស្ត្រីជាម្តាយសពជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចកូនប្រុសរបស់គាត់បានមកសុំគាត់ជាម្តាយ ដោយប្រាប់ថា ជិះកង់ដើរលេងនៅក្នុងវត្តលុះដល់វេលាម៉ោង៦ល្ងាច ថ្ងៃទីដដែលក៏ស្រាប់តែមានអ្នកជិតខាងបានរត់មកប្រាប់គាត់ថា កូនប្រុសរបស់គាត់បានលង់ទឹកស្រះនៅក្នុងវត្តដោយលឺដំណឹងបែបនេះ រូបគាត់ជាម្តាយមានអារម្មណ៍តក់ស្លុត រួចហើយបានរត់ទៅមើលកូនព្រមទាំងបានដឹកយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោតែទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ឲ្យគាត់ឌុបកូនយកមកផ្ទះវិញទៅ ។ ស្ត្រីជាម្តាយបានបន្តទៀតថា បន្ទាប់ពីឌុបកូនប្រុសត្រឡប់ទៅផ្ទះវិញ រូបគាត់មិនអស់ចិត្តបានដឹកតាមរថយន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបន្តទៀត តែនៅតែជួយមិនបានដដែល ។
នៅក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌដង្កោបានចុះទៅកន្លែងកើតហេតុ និងពិនិត្យ ឃើញថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារតែលក់ទឹកពិតប្រាកដមែន រួចហើយបានធ្វើលិខិតប្រគល់សព ក្មេងប្រុស រងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ