ភ្នំពេញ៖ សំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបនឹងត្រូវតុលាការកំពូល នៅព្រឹកថ្ងៃទី១៦ ខែមីនា ខាងមុខនេះ បើកសវនាការបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
មន្ត្រីតុលាការថ្លែងថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ។
គួរបញ្ជាក់ថា មន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន ថា នៅពេលនេះសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វេីឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។
អតីតបុគ្គលិកអាស៊ីសេរី២រូបគឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស៕ ចេស្តា