ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលកន្លះម៉ោងរបួស៦នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីចំនួន ៦នាក់ បានរងរបួសធ្ងន់ស្រាលត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា នៅឯស្រុកក្រគរ។

លោក វរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរប្រាប់ថា នៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥.១៥៦ ស្ថិតក្នុងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 3A 0684 បើកបរដោយឈ្មោះ សោ សុីណា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ័យជំនះ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុបានគៀរម៉ូតូសណ្ដោងរឺម៉ក(គៀបទឹកអំពៅ) បណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះរបួសធ្ងន់ស្រាលចំនួន ៣នាក់ស្រី។

លោក អធិការបន្តថា លុះនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០.១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងម្ដងដែរ ដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណិស ពាក់ស្លាកលេខ ព្រះសីហនុ 3A 2363 អ្នកបើកបរ(រត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានគៀរម៉ូតូ ១គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន ៣នាក់ដែរស្រី។

លោកបន្តទៀតថា តុល្យភាពនៃការខូចខាត(របួសស្រាលធ្ងន់ ៦នាក់ ម៉ូតូ ២គ្រឿង រថយន្ត ២គ្រឿង) ហើយភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ ៕ ប៉ឹម ពិន


ចែករំលែក៖