ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ ស្ដ្រី គឺឆ្អឹងខ្នងដ៏សំខាន់ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលមិនអាចខ្វះបាន

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ ចូលរួម អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ដែលមិនអាចខ្វះបាន ដោយហេតុនេះហើយ ទើបឆ្នាំនេះ ក្រសួងកិច្ចការនារី ,សមាគមនារី និងស្ថាប័នពាក់ព័ន្ធ បានសម្រេចនិងជ្រើសរើសយកប្រធានបទ (ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ) ក្នុងឱកាស ទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ ហើយប្រធានបទនេះ ក្នុងគោលបំណង ដើម្បីទាមទារឲ្យមានការ លើកកម្ពស់ ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈ តួនាទី របស់ស្រ្តីនៅក្នុងសង្គមផងដែរ ។ លោកស្រីម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ក្នុងឱកាស លោកស្រី ចូលរួមជាអធិបតីភាព ពិធីសំណេះ សំណាលជាមួយ មន្ដ្រីរាជការនារី ក្រសួងអធិការកិច្ច ទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ កាលពីថ្ងៃអង្គារ៍ ៦រោច ខែផល្គុន ឆ្នាំរកានព្វស័ក ព.២៥៦១ ត្រូវនឹងថ្ងៃទី០៦ មីនា ឆ្នាំ២០១៨ ។

លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រយៈពេល៣៩ ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹក នាំដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុមរមនា កិត្តិយស និងសេចក្តីថ្លៃថ្នូរ មានជីវភាព ធូធារ នឹងមានសុខសន្តិភាព សន្តិសុខ សុវត្តិភាព និងការអភិវឌ្ឍន៍យ៉ាង ពិតប្រាកដ។ ជាមួយ នេះដែរ នារីត្រូវបានចាត់ទុកថាជាកម្លាំងចលករមួយយ៉ាងរឹងមាំ និងត្រូវបានលើកដម្កើងឱ្យ មាន ឱកាសចូលរួមកសាងសង្គមជាតិ ថែរក្សាសុខសន្តិភាព និង អភិវឌ្ឍន៍ជាតិផងដែរ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ជាការពិតណាស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍ ល្អប្រសើរនៅលើ គ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងនយោបាយការទូត ។ ជាក់ស្តែង កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម ភាគប្រចាំឆ្នាំប្រមាណ ៧ ភាគរយ ប្រកបដោយចិរភាព តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពស័ក្កសិទ្ធិនូវ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព ។ ប្រជា ពលរដ្ឋគ្រប់រូប ជាពិសេស ស្រ្តីមានឱ កាសសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងជំនាញជ្រៅជ្រះ សម្រាប់ យកទៅប្រកបការងារ និងមានមុខរបររកចំណូលសម្រាប់ គ្រួសារ។ ជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងក្រុម ប្រឹក្សាឃុំ/ សង្កាត់អណិត្តទី៤ និងការបោះ ឆ្នោតជ្រើសតាំងតំណាងព្រឹទ្ធសភានិតិកាលទី៤ កន្លងទៅ បានបង្ហាញ យ៉ាងច្បាស់ ពីតម្លាភាព យុត្តិ ធម៌ និងលទ្ធិប្រជាធិបតេយ្យ ធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិ និងប្រទេស ជាច្រើនលើសកលលោកទទួលស្គាល់ គាំទ្រ និងអបអរសាទរ ។

លោកស្រីបានបន្ដថា៖ ហេតុនេះហើយ បានជារៀង រាល់ឆ្នាំប្រទេសនីមួយៗតែងតែប្រារព្ធធ្វើ ដោយលើកយកប្រធានបទផ្សេងៗ ទាក់ទងនិងស្រ្តី ដើម្បីអបអរសាទរ និងដាក់ចេញជាសកម្មភាពឲ្យស្របទៅនិងបរិការណ៍របស់ប្រទេស រៀងៗខ្លួន ៕ សំរិត


ចែករំលែក៖