ព័ត៌មានទាន់ហេតុការណ៍៖

គយច្រកព្រំគាបសង្កត់ពលរដ្ឋដឹកផ្លែឈើតាមម៉ូតូកង់រ៉ឺម៉កកង់៣ តែបើកភ្លើងខៀវឲ្យឈ្មួញដឹកទំនិញគេចពន្ធ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជាញឹកញាប់មកហើយ ប្រជាពលរដ្ឋដែលរកស៊ីដឹកទំនិញ ផ្លែឈើ បន្លែ និងគ្រឿងចាប់ហួយបន្តិចបន្តួចតាមម៉ូតូកង់៣ បាននាំគ្នាតវ៉ា និងប្រតិកម្មយ៉ាងខ្លាំងទៅលើមន្ត្រីគយនៅច្រកព្រំ ខេត្តប៉ៃលិន ខណៈបង្ខំឲ្យពួកគាត់បង់ប្រាក់ក្នុងមួយម៉ូតូកង់បី ពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល មិនមានតុល្យភាពទៅនឹងការប្រឹងប្រើកម្លាំងពលកម្មរបស់ពួកគាត់ ក្នុងការដឹកជញ្ជូននេះ សឹងមិនរួចថ្លៃបាយ និងថ្លៃសាំងនោះ ។

លោក ទី ប៊ុនឡុង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំស្តីទី ក៏ដូចជា លោក សំ វណ្ណរិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ផ្លូវចិត្ត និងរិះគន់យ៉ាងចាស់ដៃថា គយច្រកព្រំគាបសង្កត់ ជំរិតយកលុយតែពីប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើតាមរ៉ឺម៉កកង់បី ប៉ុន្តែពួកគាត់មិនបានពង្រឹងទៅលើការដឹកជញ្ជូនទំនិញគេចពន្ធ ចូលតាមច្រកនេះទៅវិញ?

គួររំលឹកថា នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្រុមអ្នករត់ម៉ូតូកង់៣ ប្រមាណជាង២០នាក់បង្ខំចិត្តនាំគ្នាទៅតវ៉ា នៅមុខសាលាខេត្តប៉ៃលិន ដើម្បីសំណូមពរឲ្យអភិបាលនៃគណៈអភិបាលខេត្ត លោក កើត សុធា ជួយសម្របសម្រួល និងដោះស្រាយពីសកម្មភាពមន្ត្រីគយរបស់លោក ទី ប៊ុនឡុង និងលោក សំ សុវណ្ណរិទ្ធ គាបសង្កត់ឲ្យពួកគាត់បង់ប្រាក់ក្នុងមួយម៉ូតូ១ម៉ឺនរៀលទៅ២ម៉ឺនរៀលនោះ ។ បើទោះជានាយករងរដ្ឋបាលសាលាខេត្តបានចេញមកសម្របសម្រួល ប៉ុន្តែជាលទ្ធផល មិនទាន់ដោះស្រាយជូនប្រជាពលរដ្ឋដែលបានផ្តិតមេដៃចំនួន២៦រូបនោះនៅឡើយទេ ។ ខណៈអភិបាលនៃគណៈអភិបាលខេត្ត មិនទាន់ផ្តល់ចម្លើយណាមួយសម្រាប់ពួកគាត់។

ក្រុមឈ្មួញធំៗជាច្រើនខ្លះ បានលួចទម្លាយថា ច្រកព្រំខេត្តប៉ៃលិន រដ្ឋត្រូវបាត់បង់ពន្ធនាំចូលយ៉ាងច្រើនក្នុងមួយខែៗតាមរយៈសកម្មភាពក្នុងការដឹកជញ្ជូនទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាប ជាពិសេស ប្រភេទទំនិញអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត ក៏ដូចជារថយន្តកាត់ ត ជាដើម គេតែងធ្វើឯកសារប្រតិវេទគយ បង់ពន្ធជាទំនិញធូរផ្សារ (ទំនិញចាប់ហួយ) នេះមិនបូកជាមួយនឹងទំនិញជាច្រើនទៀត ដែលលោក ទី ប៊ុនឡុង ឃុបឃិតជាមួយឈ្មួញបំបាត់ពន្ធរដ្ឋនោះ ។

មន្ត្រីនៃស្ថាប័នផ្សេងនៅក្នុងច្រកមួយនេះ តែងបានលើកឡើងផងដែរថា សកម្មភាពរបស់មន្ត្រីគយច្រកព្រំ បានគាបសង្កត់ទៅលើប្រជាពលរដ្ឋហួសហេតុពេក ពិសេសរាល់ការផ្ទុះកំហឹងពីប្រជាពលរដ្ឋ ក្រុមអស់លោកទាំងនោះ ហាក់ដូចជាខ្វះការទទួលខុសត្រូវ រហូតដល់ប្រជាពលរដ្ឋដឹកផ្លែឈើ បន្លែ និយមហៅថា ក្រុមមន្ត្រីគយមុខលុយ សូម្បីតែមួយម៉ូតូ១ម៉ឺនរៀលទៅ២ម៉ឺនរៀល ក្លាយជាវប្បធម៌ដ៏អាក្រក់ ជាមួយនឹងទង្វើឈ្លោះប្រកែក គំរាមចាប់យកម៉ូតូ ចាប់យកបន្លែ ផ្លែឈើ ប្រទាញប្រទង់ជាមួយប្រជាពលរដ្ឋ ក្លាយជាទម្លាប់ទៅហើយ ។

ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន២៦រូប នាំគ្នាមកតវ៉ានៅមុខសាលាខេត្ត ទាំងលោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកទី ប៊ុងឡុង ប្រធានការិយាល័យសាខាគយ និងរដ្ឋាករច្រកព្រំស្តីទី អង្គភាពនគរវត្ត មិនអាចទាក់ទងបានទេនៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែមន្ត្រីច្រកព្រំបានបង្ហើបថា តាំងពីលោក ទី ប៊ុនឡុង មកកាន់ជាប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំស្តីទី កុំថាឡើយតែមន្ត្រីរបស់គាត់ធ្វើសកម្មភាពដ៏ប្រសេកប្រសាចគាបសង្កត់ប្រជាពលរដ្ឋ ក្នុងនោះសូម្បីតែសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានភារកិច្ចក្នុងអនុក្រឹត្យ ក៏មិនពេញចិត្ត ពិសេសខាងគយនេះតែម្តង ខ្វះភាពសហការ ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ដែលមានភារកិច្ច តួនាទីក្នុងអនុក្រឹត្យ ក៏ដូចករណីសហការទប់ស្កាត់ទំនិញនាំចូលបង់ពន្ធមិនគ្រប់ ក៏ដូចជាបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ៕ ស សារ៉េត


ចែករំលែក៖