ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាកឡិចស៊ីស GX470 បត់ត្រលប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបុករបួសនារី២នាក់ធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យនារី២នាក់ រងរបួសធ្ងន់ ហើយត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុករថយន្ដ ឡិចស៊ីសមួយគ្រឿង ដែលបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្នដូចគ្នា ចំពាក់កណ្ដាលរថយន្ដពេញទំហឹងតែម្តង។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃអង្គារ​ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផែថ្ម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៍មានពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា រថយន្ដបង្កគ្រោះថ្នាក់ម៉ាក ឡិចស៊ីស GX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-0918 ជិះដោយប្ដីប្រពន្ធពីរនាក់។ ចំណែកខាងម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ូគី ឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 1R-0309 ជិះដោយនារីពីរនាក់ រងរបួសទាំងពីរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ គេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបត់រថយន្ដត្រឡប់ក្រោយ ធ្វើឲ្យភាគីខាងម៉ូតូ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំពាក់កណ្ដាលរថយន្ដពេញទំហឹង ធ្វើឲ្យនារីពីរនាក់ ដែលជិះម៉ូតូរងរបួសជើង។

ក្រោយកើតហេតុ ភាគីខាងតំណាងម្ចាស់រថយន្ដ និងតំណាងខាងជនរងគ្រោះ បានធ្វើការសម្របសម្របគ្នា ដោយភាគីខាងរថយន្តព្រមសងថ្លៃព្យាបាលរបួសចំនួន៥០០ដុល្លារ ហើយភាគីខាងជនរងគ្រោះក៏ព្រមទទួលយកសំណង ដើម្បីបញ្ចប់រឿងតែម្ដង៕ ស តារា


ចែករំលែក៖