ភ្នំពេញ៖ ហេតុការណ៌ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ស្នូលផ្ទុះដូចគ្រាប់បែក បន្ទាប់ពីមានផ្ទុះធុងហ្គាស់បង្កការឆាបឆេះក្នុងផ្ទះ ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ចុះមកអន្តរាគមន៍ដោយប្រើរថយន្តអគ្គិភ័យនិងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបានបាញ់ពន្លត់ទាន់ពេលវេលាផងដែរ ។
ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយសាលាសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីផ្ទះបាយ បន្តិចក្រោយមកបង្កជាអណ្តាតភ្លើងចេញមក ហើយប្រជាពលរដ្ឋបាននាំគ្នាយកបំពងពន្លត់អគ្គិភ័តចំនួន៨បំពុងបាញ់ពន្លត់ ភ្លាមៗនោះក៏បានទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ផងដែរ ។
ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចបានធ្វើការទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែពេលរថយន្តមកដល់ បងប្អូនប្រជាពលរដ្ឋយកបំពងមកបាញ់ពន្លត់ភ្លាមៗផងដែរ មិនបង្កឲ្យរោលដល់ផ្ទះអ្នកដទៃ ឬអ្នករងរបួសនោះទេ ៕ ស តារា