ព័ត៌មានទាន់ហេតុការណ៍៖

ឆេះក្លឹបកម្សាន្តរស្មីផ្កាយពេជ្រ របស់លោកអធិការនគរបាលស្រុកពញាក្រែកផ្អើលទាំងថ្ងៃ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អគ្គិភ័យមួយបានឆាបឆេះក្លឹបកម្សាន្តរស្មីផ្កាយពេជ្រជា ក្លឹបដែលទុកចោលរបស់លោកអធិការនគរបាលស្រុកពញាក្រែក នាវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិអណ្តូងជ័យ ឃុំក្រែក ស្រុកពញាក្រែកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាដែលមានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តដឹកទឹកចំនួន១០គ្រឿង ចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ ។

ស្នងការរងនគរបាលខេត្តទទួលផែនអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យលោកវរសេនីយ៍ឯក ស៊ុយ ប៊ុនហ៊ាន ប្រាប់ឲ្យដឹងថា ក្នុងពេលដែលបានឆេះក្លឹបខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ទាំងនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅស្នងការដ្ឋាននគរបាលខេត្តនិងរថយន្តដឹកទឹកចំនួន៥គ្រឿង របស់ក្រុមហ៊ុនចំការកៅស៊ូ បានចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងភ្លាមៗ ។

លោកស្នងការរងនគរបាលខេត្តទទួលផែនអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យប្រាប់បន្តថា ដោយសារ ពេលនោះនៅពីខាងមុខមានផ្សែងហុយខ្មួលខ្មាញ់មិនអាចឲ្យកងកម្លាំងសមត្ថកិច្ច ចូលទៅបាញ់ទឹកបាននិងដោយខ្លាចភ្លើងកាន់តែឆេះរាលដាលបន្ថែមទៀតនោះ ទើបសមត្ថកិច្ច បង្ខំចិត្តដោយមានការយល់ព្រម ពីម្ចាស់ក្លឹបផងបាននាំគ្នាប្រើញញួរវាយទម្លុះជញ្ជាំងបេតុង ដាក់ទុយយោបាញ់ទឹកចូលទៅខាងក្នុងទើបធ្វើឲ្យភ្លើង រលត់ទៅវិញបន្តិចម្តងៗ។ក្នុងករណីនេះសមត្ថកិច្ចបានប្រើពេលដល់ទៅ២ម៉ោង ក្នុងការជួយបាញ់ទឹក ទើបធ្វើឲ្យភ្លើងរលត់ជាស្ថាពរ នៅវេលាម៉ោង៥ល្ងាចដោយបានប្រើប្រាស់ទឹកអស់ដល់ទៅ២០រថយន្ត។

លោកវរសេនីយ៍ឯក ស៊ុយ ប៊ុនហ៊ាន បន្តថា ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យឆេះក្លិបនេះ ដោយសារតែទុស្សេខ្សែភ្លើងរាលដាល ទៅដល់ជ័របិទនៅលើជញ្ជាំងបេតុង សម្រាប់កុំឲ្យឮសូរសំឡេងចេញមកខាងក្រៅ ទើបបណ្តាលឲ្យឆេះមានផ្សែងខ្មួលខ្មាញ់ពេញបន្ទុកយ៉ាងនេះ ៕ សហការី


ចែករំលែក៖