ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១សប្តាហ៍សមត្ថកិច្ចច្បារអំពៅចាប់អ្នកជិះម៉ូតូល្មើសច្បាប់ចរាចរជាង២០០គ្រឿងពិន័យជាប្រាក់ជិត៣លានរៀល

ចែករំលែក៖

ភ្នំពេញៈ ក្នុងគោលដៅពង្រឹងច្បាប់ចរាចរឲ្យមានប្រសិទ្ធភាព ម៉ូតូជាង២០០គ្រឿងដែលអ្នកបើកបរល្មើសច្បាប់ចរាចរត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរផ្លូវគោល និងជំរុញឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវគោរពច្បាប់ចរាចរ ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌបានបើកយុទ្ធនាការចាប់អ្នកជិះម៉ូតូល្មើសច្បាប់ចរាចរបានជាង២០០គ្រឿង ផាកពិន័យបានជិត៣លានរៀល ។ ថវិកាដែលបានមកពីការផាកពិន័យបញ្ជូនទៅក្រសួងមហាផ្ទៃ មិនអាចដកចាយវាយផ្តេសផ្តាស់បាននោះទេ ព្រោះមានវិក័យប័ត្រផាកពិន័យតាមគោលការច្បាប់ ។

និយាយរួមចាប់តាំងពីក្រសួង មហាផ្ទៃដាក់ផែនការឲ្យអនុវត្តច្បាប់ចរាចរដោយចាប់អ្នកបើកបរណាដែល ល្មើសច្បាប់ មកដល់ ពេលនេះកម្លាំងនគរបាលចរាចរខណ្ឌបានអនុវត្តជាប្រចាំនៅតាមគោលដៅផ្សេងៗគ្នាដោយចាប់អ្នកបើកបរម៉ូតូណាដែលល្មើសច្បាប់ចរាចរ តែដកហូតយកតែម៉ូតូបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យទៅតាមច្បាប់ ដោយឡែកអ្នកបើកបរម៉ូតូអប់រំណែនាំពីច្បាប់ចរាចរ ឲ្យពួកគាត់បានយល់និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន ។

លោកអធិការរងបានបន្តថា ចំពោះការផាកពិន័យគឺអនុវត្តទៅតាមគោលការណ៍ច្បាប់ អ្នកអត់ពាក់មួកសុវត្ថិភាពពិន័យ១៥០០០រៀល អត់ដាក់កញ្ចក់ពិន័យ១៥០០០រៀល ចំណែកអ្នកជិះបញ្ច្រាស់ទិសចរាចរពិន័យ២៥០០០រៀល ។ កន្លងមកកម្លាំងនគរបាលខណ្ឌបានចុះអនុវត្តច្បាប់ចរាចរស្ទើគ្របទីកន្លែង ដោយចាប់អ្នកបើកម៉ូតូល្មើសច្បាប់ចរាចរបានរាប់រយគ្រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីផាកពិន័យ តែឥឡូវនេះលែងបញ្ជូនទៅកាន់ស្នងការដ្ឋានទៀត គឺតម្រូវឲ្យម្ចាស់ចូលខ្លួនមកផាកពិន័យនៅអធិការដ្ឋានវិញម្តង ។ ជាមួយគ្នានេះដែរសូមអំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួក សុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកនិងអ្នករួមដំណើរជាមួយ ទើបអាច បញ្ចៀសបានពីគ្រោះថ្នាក់ដល់ជីវិត ចំពោះម៉ូតូវិញត្រូវមានស្លាកលេខ មានកញ្ចក់ និងត្រូវបើកបរគោរពច្បាប់ចរាចរទាំងអស់គ្នា៕ សណ្តោស


ចែករំលែក៖