ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នារយៈពេល១ម៉ោងសោះចាញ់បោកគេអស់ម៉ូតូ១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានត្រឹមតែកាន់លិខិតទិញ លក់ម៉ូតូ មកប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លា ឲ្យជួយអន្តរាគមន៍ ក្រោយពីរូបគាត់ចាញ់បោកជនមិនស្គាល់មុខលួងលោមយកម៉ូតូទៅបញ្ចាំបានលុយនាំគ្នាគេចខ្លួនបាត់។

ករណីនេះបានកើតឡើងកាលពីថ្ងៃពុធ ៦ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹកនៅ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសដែលរងនូវអំពើចាញ់បោកគេនោះ ឈ្មោះ ឈួន ខ្នា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិឡុកវាយ ឃុំក្រសាំង ស្រុកល្វាហែក ខេត្តស្វាយរៀង។

តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីLeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GE6307 ដោយឌុបប្រពន្ធចេញពីបន្ទប់ជួល ទៅធ្វើតេសនៅរោងចក្រក្បែរកន្លែងកើតហេតុ ក្រោយមកខ្លួនក៏ជិះម៉ូតូទៅផឹកកាហ្វេ និងលេងបុកបៀយែ នៅចំណុចកើតហេតុនោះ ។

ពេលនោះ ក៏មនុស្សមួយក្រុមមានគ្នា៣ទៅ៤នាក់ បានមកលេងបុកបៀយែជាមួយគាត់ដែរ លេងបានរយៈពេល១ម៉ោង ក្រុមទាំងនោះបានបបួលខ្លួន(ជនរងគ្រោះ)ទៅហូបបាយ ផឹកទឹកគោជល់ ដោយពួកគេ(ជនសង្ស័យ) ជាអ្នកចេញលុយទាំងអស់ ក្រោយមក ពួកគេក៏សុំខ្ចីសោម៉ូតូពីជនរងគ្រោះ ជិះសំដៅទៅកោះពេជ្រ ក្នុងបំណងយកម៉ូតូទៅបញ្ចាំចំនួន២គ្រឿង ដោយ១គ្រឿងជារបស់រងគ្រោះ និង១គ្រឿងទៀតជារបស់ក្រុមជនសង្ស័យ ហើយពួកគេបានប្រាប់ជនរងគ្រោះថា ចាំពេលបញ្ចាំម៉ូតូបានហើយ ចាំចែកលុយគ្នាចាយ ដោយឲ្យជនរងគ្រោះច្រើនជាងគេ ហើយក្រុមជនសង្ស័យបាននិយាយប្រាប់ជនរងគ្រោះថា ចាំជួយរកការងារឲ្យធ្វើនៅកន្លែងបើកឡាន។ ព្រោះតែលឺពាក្យទាំងនេះហើយ ទើបជនរងគ្រោះទុកចិត្ត ក៏ឲ្យម៉ូតូខ្លួនទៅពួកគេដោយឲ្យខ្លួនជិះម៉ូតូឌុបតាមពីក្រោយ លុះទីដល់កោះពេជ្រ ក្រុមជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំ ហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយមក ទើបដឹងខ្លួនថា ចាញ់បោកគេ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ៕ តុង សីហា


ចែករំលែក៖