ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធអំពើប្លន់នៅជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន និង​អាវុធហត្ថ​រា​ធានី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹក​ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហូ ម៉េ​ង​ហ​រ័ អាយុ​២៩​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​កូ​ហេ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពុងចាម ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ម្តុំ​ប៉ុស្តិ៍​រការ​ធំ ខេត្តកំពង់ស្ពឺ ។

ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​តាម​រយៈ​កា​មេ​រ៉ា​សុវត្ថិភាព ហើយ​ក៏​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​តែ​ម្តង ពាក់​ព​ន្ធ័​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់ )​កាលពីយប់​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ ២០១៨ នៅ​ចំណុច​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ឈ្មោះ​ហាង វី​ង ការ​ហ្វេ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ។

គួរបញ្ជាក់ថា កាលពីម៉ោង៨:៣០នាទី យប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលនៅចំណុចហាយកាហ្វេយីហោ Wring Cafe តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទូរស័ព្ទ និងលុយប្រហែល20ម៉ឺនរៀលពីម្ចាស់ហាយកាហ្វេយីហោ Wring Cafe រួចគេចខ្លួនបាត់ស្រមោល។។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះរថយន្ដតាក់សុីមួយគ្រឿងមិនដឹងមកពីទីកន្លែងណាទេ បានចូលមកផឹកកាហ្វេនៅកន្លែងកើតហេតុ។ ខណៈអង្គុយផឹកកាហ្វេបានប្រហែលកន្លះម៉ោងដោយឃើញឱកាសល្អ និងស្ងាត់ផងនោះ គឺមានតែអ្នកលក់ជានារីពីរនាក់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ូតូម៉ាក Honda SH ពាក់ស្លាកលេខ ភ្នំពេញ 1GJ 8157 មួយគ្រឿង ទូរស័ព្ទម៉ាក Samsung មួយគ្រឿង និងលុយប្រហែល20ម៉ឺនរៀល រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល និងកំលាំងកងរាជអាវុធហត្ថ ចុះមកដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖