ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានម្ចាស់ហាងបញ្ជាមេការឲ្យចាប់ខ្លួនប្រគល់ទៅសមត្ថកិច្ច ពាក់ព័ន្ធករណីលួចលុយថៅកែហាងជាជនជាតិអាមេរិក ចំនួន៣០០ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងហាងយីហោ ឃីងដឹម មានទីតាំងតាមបណ្តោយផ្លូវលំ ភូមិព្រែកជាងព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះដេវីត មីស្សែលដេនញែល ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិអាមេរិកកាំង សញ្ជាតិខ្មែរ មុខរបរម្ចាស់ហាង ឃីងដុម ស្នាក់នៅផ្ទះលេខJ៣ ផ្លូវ លំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះចែម ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបោស សំអាតហាងឃីងដុម ស្នាក់នៅ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
នគរបាលប៉ុស្តិ៍វាលស្បូវបានឲ្យដឹងថា រយៈពេលជិតមួយឆ្នាំ ជនរងគ្រោះដែលជាថៅកែហាងបានបាត់ លុយជាច្រើនលើក ដែលទុកនៅក្នុងកាបូប ទុកនៅថតតុ ក្នុងបន្ទប់ ហាងរបស់ខ្លួន សរុបប្រហែល ១៥០០០ដុល្លារ ។ ដោយសារបាត់លុយច្រើនដងពេករកមុខអ្នកលួចមិនឃើញ ជនរងគ្រោះក៏ បានលួចដាក់កាមេរ៉ាសុវត្តិភាព មិនឲ្យបុគ្គលិក ដឹងទេ លុះដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទី ជនសង្ស័យដែលជាបុគ្គលិកបោសសំអាត ក្នុងហាង បានចូល លួចលុយនៅក្នុងកាបូប ទុកនៅថតតុក្នុងបន្ទប់ ហាងខាងលើ ចំនួន ៣០០ដុល្លារ។ រហូតដល់ម៉ោង១០និង០០នាទី ថ្ងៃដដែល ជនរងគ្រោះបានទៅឆែក កាមេរ៉ាសុវត្តិភាព ឃើញសកម្មភាព ជនសង្ស័យលួចលុយ ក៏ហៅមេការឲ្យឃាត់ខ្លួន ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច ធ្វើការសាកសួរ រួចជនសង្ស័យ ក៏បានសារភាពថា កន្លងមកធ្លាប់លួចលុយជនរងគ្រោះ ចំនួន ៣០០ដុល្លារ យកទៅស៊ីចាយអស់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សណ្តោស