ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិសែន និងអាវុធហត្ថរាធានី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ហូ ម៉េងហរ័ អាយុ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិកូហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពុងចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ម្តុំប៉ុស្តិ៍រការធំ ខេត្តកំពង់ស្ពឺ ។
ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយក៏ឈានដល់ការឃាត់ជនសង្ស័យតែម្តង ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ )កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ២០១៨ នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ឈ្មោះហាង វីង ការហ្វេ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ថា កាលពីម៉ោង៨:៣០នាទី យប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលនៅចំណុចហាយកាហ្វេយីហោ Wring Cafe តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទូរស័ព្ទ និងលុយប្រហែល20ម៉ឺនរៀលពីម្ចាស់ហាយកាហ្វេយីហោ Wring Cafe រួចគេចខ្លួនបាត់ស្រមោល។។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះរថយន្ដតាក់សុីមួយគ្រឿងមិនដឹងមកពីទីកន្លែងណាទេ បានចូលមកផឹកកាហ្វេនៅកន្លែងកើតហេតុ។ ខណៈអង្គុយផឹកកាហ្វេបានប្រហែលកន្លះម៉ោងដោយឃើញឱកាសល្អ និងស្ងាត់ផងនោះ គឺមានតែអ្នកលក់ជានារីពីរនាក់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ូតូម៉ាក Honda SH ពាក់ស្លាកលេខ ភ្នំពេញ 1GJ 8157 មួយគ្រឿង ទូរស័ព្ទម៉ាក Samsung មួយគ្រឿង និងលុយប្រហែល20ម៉ឺនរៀល រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល និងកំលាំងកងរាជអាវុធហត្ថ ចុះមកដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ