ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលង់លក់ក្នុងដំណេក រត់មកចោមរោមមើលគ្រប់ៗគ្នា ខណៈ ដែលរថយន្តហុីយ៉ាន់ដាយ បែកប៉ុងឈប់លើចិញ្ចើមផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតមកពីខាងក្រោយចាប់ហ្វ្រាំងមិនទាន់ និងផ្លូវងងឹតផងក៏បុកពេញទំហឹងលាន់ដូចរន្ទះកាលពីថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៣:២០ នាទី ទៀបភ្លលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ចំពោះម្ចាស់រថយន្តហ៊ីយ៉ានដាយ ដែលបែកប៉ុងឈប់លើចិញ្ចើមផ្លូវមិនត្រូវបានបានស្គាល់ឈ្មោះនៅឡើយ ដោយក្រោយពេលកើតហេតុ បានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ០០០៧នៅ និងកន្លែង។
ចំណែកម្ចាស់រថយន្តរងគ្រោះមានឈ្មោះ ភួង ចន្ធី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ប្រាំ ឃុំ ព្រែកសាយខល ស្រុក ពាមរ ខេត្ត ព្រៃវែង ។
បើតាមសមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថាមុនកើតហេតុមានរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ០០០៧ បើកពីកើតទៅលិច ហើយក៏បានឈប់ដោយរថយន្តបែកប៉ុង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងដឹកទំនិញពណ៌សរពាក់ស្លាកលេខភ្នំពេញ៣C៩១៨៩បើកបរដោយឈ្មោះ ភួង ចន្ធី មកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកគូថរថយន្តពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ និងដឹកជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ គឺមូលហេតុមកពីរថយន្ដពាក់ស្លាកលេខ ភ្នំពេញ ៣B ០០០៧ បែកប៉ុងទើបមានករណីនេះ ៕ យឹម សុថាន