ព័ត៌មានទាន់ហេតុការណ៍៖

ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកទ្រូងផ្លូវព្រះមុនីវង្សបាក់អស់១កង់ រថយន្តខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-8808 ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្ម ក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ខ្ទៀតចេញពីគ្នាប្រហែល៥ម៉ែត្រ ហើយរថយន្តបង្កបានបន្តទៅមុខ គាប់ជាមួយនិងទ្រូងផ្លូវប្រហែល១០០ម៉ែត្រទើបអស់ល្បឿនបានឈប់ និងរងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានចុះស្រវេស្រវា ដោះស្លាកលេខរថយន្តចេញ ហើយទុករថយន្តចោល និងរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ទំនាក់ទំនងទៅជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖