ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសពីរនាក់បងប្អូនបានដើរបាញ់សត្វពេលយប់ បានប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមជ្រៃក្នុងវាលស្រែកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែលើដើមជ្រៃ ខាងក្រោយសាលាសង្កាត់ជើងឯក ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវដៃវែង ពណ៌ឈាមជ្រូក ស្លៀកខោខូវប៊យជើងវែង ។
យោងតាមសម្តីបុរសម្នាក់ឈ្មោះ គីម មុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រាប់ដឹងថា មុនពេលដែលប្រទះឃើញ សពបុរសខាងលើ គឺរូបគាត់មានគ្នា២ពីរនាក់ ប្អូនប្រុសរបស់គាត់ បានដើរបាញ់សត្វ នៅម្តុំវាលស្រែខាងក្រោយសាលាសង្កាត់ជើងឯក ខណៈពួកគាត់ដើរមកដល់ ក្រោមដើមជ្រៃខាងលើ ក៏បានបញ្ចាំងពិលឆ្លុះដើម្បីរកមើលសត្វ ស្រាប់តែប្រទះឃើញ សពបុរសខាងលើចងកនឹងខ្សែលួសថ្ពួកជាមួយនឹងក្រមាផុតជើងពីដីប្រហែល១ម៉ែត្រកន្លះស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីប្រទះឃើញ សាកសពបែបនេះ ពួកគាត់២នាក់ បងប្អូន ភ័យស្លន់ស្លោ បាននាំរត់យកព្រះអាយូស រហូតមកដល់ផ្ទះវិញ រួចហើយពួកគាត់ក៏បានទូរស័ព្ទ ផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យមើលកន្លែងកើតហេតុ ។ លុះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក៏បានយកខ្សែ មកពទ្ធ័ជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំព្រឹកឡើងទើបទាក់ទងទៅជំនាញកោសល្យវិច័យ ឲ្យចុះមកពិនិត្យសាកសពថា តើជាករណីអ្វីឲ្យប្រាកដ ៕ ភារ៉ា ដង្កោ