ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿង បើកបរបញ្ច្រាសទិសមិនប្រុងប្រយ័ត្ត បានបុកគ្នា បណ្តាលឱ្យរងរបួសធ្ងន់ចំនួន ០១នាក់ និងស្រាល ០២នាក់ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥៧ ជិតកាសុីណូណាសាវើល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នគរបាលមូលដ្ឋានបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ (រងរបួសធ្ងន់-ក្បាល) បើកបរម៉ូតូ ម៉ាក Wave ពាក់ស្លាកលេខ ភ្នំពេញ 1L-2490 ពីកើតទៅលិច ចំណែកភាគីបង្ក ឈ្មោះ ង៉ូវ ពេជ្រ ភេទ ប្រុស អាយុ ១៨ឆ្នាំ (រងរបួសស្រាល) ជិះគ្នាពីរនាក់ឈ្មោះ ខុំ សាក ភេទប្រុស អាយុ ១៧ឆ្នាំ (រងរបួសស្រាល) បើកបរម៉ូតូម៉ាក់ Honda Dream ស៊េរី ឆ្នាំ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-8894 ពីលិចទៅកើត ។
នគរបាលប៉ុស្តិ៍មូលដ្ឋានឃុំស្ទឹងកាច់បានបន្តថា៖ ហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្ស បើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ក្រោយកើតហេតុ ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ស សារ៉េត