ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីឧទ្យានុរក្សដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះសម្បែងអស់គ្មានសល់ទទួលបានប្រាក់ជំនួយឧបត្ថម្ភពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សចំនួន២រូប និងមន្រ្តីជាប់កិច្ចសន្យាចំនួន១រូប នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ បានទទួលប្រាក់ជំនួយឧបត្ថម្ភដោយផ្ទាល់ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីជាការជួយសម្រាលការលំបាកបានមួយកម្រិតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ថវិកាឧបត្ថម្ភសរុបចំនួន៧,២៣លានរៀល ដែលបានពីការជួយឧបត្ថម្ភដោយផ្ទាល់ពីមន្រ្តីរាជការនៅក្នុងមន្ទីរបរិស្ថាន និងថវិកាផ្ទាល់របស់លោកប្រធានមន្ទីរ បានប្រគល់ជូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យា បន្ទាប់ពីនិវាសដ្ឋានរបស់មន្រ្តីឧទ្យានុរក្សចំនួន២រូប និងតូបលក់អីវ៉ាន់របស់មន្រ្តីជាប់កិច្ចសន្យាចំនួន១រូប ត្រូវបានអគ្គិភ័យឆាបឆេះហ្មត់គ្មានសល់ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយបានបណ្ដាលឲ្យឆាបឆេះផ្សារអស់ទាំងស្រុង និងមានប្រជាពលរដ្ឋចំនួន២រូបបាត់បង់ជីវិត ព្រមទាំងរងរបួសធ្ងន់ស្រាលជាច្រើននាក់ក្នុងហេតុការណ៍នេះ។

មន្រ្តីឧទ្យានុរក្សដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ហ្មត់គ្មានសល់រួមមាន ១.ឈ្មោះ ឡុញ ពុទ្ធីមន្នីកនិកា ភេទស្រី អាយុ២០ឆ្នាំ នៅលីវ មានបងប្អូនបង្កើត២នាក់ (ស្រី១នាក់ ប្រុស១នាក់) ហើយបច្ចុប្បន្នកំពុងរស់នៅផ្ទះជាមួយម្ដាយមីង ឋិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និង២.ឈ្មោះ ម៉ែន សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ នៅលីវ មានបងប្អូនបង្កើត ៥នាក់ (ស្រី៤នាក់ ប្រុស១នាក់) ហើយបច្ចុប្បន្នកំពុងរស់នៅផ្ទះជាមួយបងស្រីបង្កើត នៅម្ដុំផ្សារប៉េងឃុន ឋិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកមន្រ្តីជាប់កិច្ចសន្យាឈ្មោះ ផៃ ចិត្រា ភេទស្រី អាយុ២៣ឆ្នាំ មានគ្រួសារ និងមានកូនប្រុសម្នាក់ អាយុ១ឆ្នាំ ត្រូវអគ្គិភ័យឆាបឆេះតូបលក់ដូរអស់ទាំងស្រុង។

ក្រោយទទួួលបានប្រាក់ជំនួយឧបត្ថម្ភពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីរាជការទាំង៣រូប បានសម្ដែងនូវក្ដីរំភើប និងត្រេកអរ ហើយបានថ្លៃងអំណរគុណដល់មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់នៅក្នុងមន្ទីរបរិស្ថានខេត្ត ជាពិសេសសូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់មន្រ្តីរាជការ៕ សុខខេមរា


ចែករំលែក៖