ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ ខណៈដែលស្ត្រីវ័យចំណាស់ម្នាក់បានយកដៃលូកចូលក្នុងព្រីភ្លើងនៅផ្ទះបងប្អូនខាងប្តី ដើម្បីបញ្ចប់ជីវិត ព្រោះខូចចិត្តសុំប្តីរួមរស់ជាមួយគ្នាវិញ តែប្តីមិនព្រម ដោយសារនាងបានចុះចោលប្តី និងកូនៗជិត៥ខែ ទៅមានទំនាក់ទំនងស្នេហ៍ជាមួយប្រុសផ្សេង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមបុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់មានឈ្មោះ ជឹង ចំណាន អាយុ៦១ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ជិន សារ៉ន អាយុ៥៤ឆ្នាំ ស្រុកកំណើតនៅភូមិឈ្លូង២ ឃុំស្គន ស្រុកមេមុត ខេត្តត្បូងឃ្មុំ។
លោកបានបញ្ជាក់ទៀតថា គាត់និងប្រពន្ធបានរៀបការជាមួយគ្នាជាង២០ឆ្នាំមកហើយ និងមានកូន១០នាក់ និងចៅ ចៅទួត១៥នាក់ ដោយមិនដែលមានការឈ្លោះប្រកែកគ្នានោះទេ។
ប្រភពដដែលបន្តថា លុះមកដល់ចុងឆ្នាំ២០១៧ ក្នុង ខែ១១ គាត់មិនដឹងថា ប្រពន្ធរបស់ខ្លួនលួចមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នោះទេ រហូតធ្វើឲ្យនាងបង្ខំចិត្ត ចុះចេញពីផ្ទះអស់រយៈពេលជិត៥ខែ និងបានយកមាសទៅតាមខ្លួន១តម្លឹងផងដែរ។
លុះ មកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្រាប់តែលេចមុខប្រពន្ធបានត្រឡប់មកផ្ទះវិញ ហើយបានសុំគាត់រួមរស់ជាមួយគ្នាវិញ តែរូបគាត់ជាប្តី មិនយល់ព្រមទទួលស្គាល់នោះឡើយ។
ក្រោយពេលគាត់(ប្តី)បដិសេធមិនចង់ត្រូវរ៉ូវគ្នាវិញ ធ្វើឲ្យស្រ្តីជាប្រពន្ធ បានដើរទៅខាងក្រោយផ្ទះចូលក្នុងបន្ទប់ទឹក ហើយបានលូកដៃចូលរន្ធព្រីភ្លើងបណ្តាលឲ្យឆក់ប្រកាច់បង្កការភ្ញាក់ផ្អើល ហើយត្រូវបងប្អូនសាច់ថ្លៃដឹកមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតតែម្តង។
បច្ចុប្បន្ន ស្រ្តីរូបនេះ រួចផុតពីសេចក្តីស្លាប់ហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប្រសូតិ ខណៈមិនដឹងថាបុរសជាប្ដីព្រមទទួលយកគ្នាវិញឬក៏យ៉ាងណានោះទេ៕ យឹមសុថាន