ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡិនឌ័របើកបុកមនុស្សស្លាប់ ជិះរត់ជាង១០គីឡូម៉ែត្រទើបឈប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យពាក់កណ្ដាលផ្លូវ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបើកបុកពីក្រោយស្របទិសគ្នា ពីជើងទៅត្បូងពេញទំហឹង លាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្ត៣១៥ នៅចំណុចភូមិកំរ៉ែង ឃុំអណ្តូងត្របែកស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមមន្រ្តីកងរាជអាវុធហត្ថស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះទាញ សារឿន អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តបង្កហេតុ ត្រូវបានគេស្គាល់ឈ្មោះ ប៉ែន វ៉ានដន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃក្រញួង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបើករថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២j ០២៩៦ ។

ប្រភពបន្តថា បន្ទាប់ពីបង្កករណីគ្រោះថ្នាក់ចរាចរណ៍ភ្លាម បុរសអ្នកបើករថយន្ត មិនបានឈប់នោះទេ បានបើករថយន្តរត់ប្រមាណជាង១២គីឡូម៉ែត្រ មកដល់ចំណុចព្រៃបត់ននោង ភូមិកំពង់ត្រាច ឃុំកំពង់ត្រច ស្រុករមាសហែក ទើបឈប់ ហើយក៏បានទុករថយន្តចោលលើផ្លូវថ្នល់រត់គេចខ្លូនបាត់ស្រមោលតែម្ដង។

ក្រោយមកសមត្ថកិច្ចបានទាក់ទងក្រុមគ្រួសារជនរងគ្រោះ និងបានយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលដោយមុខរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លួវគួរឲ្យអាសូរក្រៃលែង។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្ត និងម៉ូតូមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖