ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ឆេះខ្លោចពេញខ្លួន ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ខណៈដែលបុរសរូបនេះ បានទិញដែកអេតចាយ (ដំបូលសង្ក័សីចាស់ៗ) បានហើយ ដោយឡើងរុះដំបូលផ្ទះខ្លួនឯង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ខ្លួនឯងតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិវៀតណាម២នាក់ បានមកទិញដែកដំបូលសង្ក័សីចាស់ៗ ដែលម្ចាស់ផ្ទះគេលក់ឲ្យ ទើបពេលនោះ បុរសជនជាតិវៀតណាមរងគ្រោះខាងលើ ដែលមានវ័យប្រមាណជា៣០ឆ្នាំ បានឡើងទៅរុះដំបូលសង្ក័សីនៅខាងលើដំបូល ចំណែកម្នាក់ទៀតនៅចាំខាងក្រោម ខណៈដែលកំពុងលើកទម្លាក់ចុះ ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ជនរងគ្រោះធ្លាក់ពីលើដំបូលផ្ទះចុះមកខាងក្រោម របួសធ្ងន់ឆេះខ្លោចពេញខ្លួន ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយបាញ់ទឹកសង្គ្រោះបឋម រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីតែម្តង ៕ ស តារា