យោងតាមសម្ដីសាច់ញាតិ ជនរងគ្រោះ ក៏ដូចជាសាច់ញាតិអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះនិងអ្នកបើកបររថយន្តត្រូវជា ចៅ តា ជីដូនមួយ រស់នៅក្បែរខាងក្នុងភូមិ ហើយរថយន្តជនបង្កទើបតែទិញ បានជាង១០ថ្ងៃ យកមកហើយរៀនបើកបរ ទាំងមិនមានគ្រូបង្រៀនឡើយ ពោលរៀនបើកដោយខ្លួនឯង ស្រាប់តែនៅវេលាម៉ោងខាងលើ ខណៈដែលជីតាកំពុងរៀនបើកបរ បើកក្រឡឹងតាមផ្លូវលំក្នុងភូមិបាន២ទៅ៣ជុំទៅហើយ គ្រាដែលបើកចេញពីក្រោយភូមិមិវិញ ពីកើតទៅលិច ដល់កន្លែងកើតហេតុ សង្ស័យច្រឡំស្លន់ហ្គា ថាហ្វ្រាំង ហើយរេចង្កូតជ្រុលទៅឆ្វេងដៃ បុកចៅស្រី២នាក់កំពុងអង្គុយលេងចិញ្ចើមផ្លូវរុញផ្ទប់នឹងរបងថ្ម បាក់រេលំឥដ្ឋមួយផ្ទាំង ចៅស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ម្នាក់ទៀតរងរបួសស្រាល ត្រូវបានក្រុមគ្រួសារ ភ័យស្លន់ដឹកយកទៅមន្ទីរពេទ្យបាត់ ។
តាមសម្ដីប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ២នាក់ កំពុងអង្គុយលេងចិញ្ចើមផ្លូវ ក្នុងភូមិ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង អ្នកបើកបរត្រូវបានគេស្គាល់ ត្រូវជាជីតារបស់ក្មេងខាងលើ កំពុងរៀនបើកបររថយន្ត ដោយបើកតាមផ្លូវលំក្នុងភូមិពីកើតទៅលិច មិនដឹងថា ស្លន់បែបណានោះទេ ទើបរេចង្កូតជ្រុលទៅបុកចៅសបរីស្លាប់ម្នាក់ របួសស្រាលម្នាក់ របងថ្មបាក់អស់មួយផ្ទាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃាត់នាំខ្លួនជនបង្ក ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ក្មេងស្រីរងគ្រោះស្លាប់បាត់ជីវិតត្រូវបានក្រុមគ្រួសារ លើកបីត្រកងទៅផ្ទះរង់ចាំសមត្ថកិច្ចជំនាញពិនិត្យ។ ចំណែកក្មេងស្រីម្នាក់ទៀតក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ជូនឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ ភារ៉ា ដង្កោ