ក្រុងព្រះសីហនុ៖ យុវជនម្នាក់ភាគីខាងម៉ូតូ ដែលរងរបួសធ្ងន់ធ្ងរជាងគេ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី នឹងម៉ូតូនៅក្រុងព្រះសីហនុ កាលពីម៉ោង៣កន្លះរសៀល ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ខាងមុខមន្ទីររ៉ែ និងថាមពល ឃ្លាំងលើ ក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានទទួលមរណភាពហើយ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ចំណែកយុវជន២នាក់ទៀត ដែលរួមដំណើរជាមួយគ្នាក៏រងរបួសធ្ងន់ដែរ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើង រវាងរថយន្តបែនដឹកដី ពណ៌ខៀវ គ្មានស្លាកលេខ មានទិសដៅចេញពីក្រុងព្រះសីហនុ (អ្នកបើកបរគេចខ្លួន ) បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក Wave ឆ្លាម ពណ៌ខៀវ គ្មានស្លាកលេខ មានទិសដៅផ្ទុយគ្នា អ្នកបើកបរម៉ូតូ ឈ្មោះ សាន វណ្ណារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុង-ព្រះសីហនុ ( រងរបួសធ្ងន់ ) និងមានអ្នករួមដំណើរ ចំនួន ០២នាក់ ៖ ១-ឈ្មោះ ផន សុភ័ក្ត្រា ភេទប្រុស អាយុ ១៧ឆ្នាំជាសិស្ស មានទីលំនៅ ក្រុម១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ( ស្លាប់ ) ២-ឈ្មោះ ប៊ន នូវ ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុម៥ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ( រងរបួសធ្ងន់ ) ។
ករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធីតាមផ្លូវច្បាប់ រីឯវត្ថុតាង រថយន្ត និងម៉ូតូ នគរបាលចរាចរណ៍ យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ