ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើបើកគេចពីសមត្ថកិច្ចទៅបុករថយន្តប្រជាពលរដ្ឋខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងផ្ទុកឈើប្រណីតពេញមួយរថយន្ត ដែលបានព្យាយាមបើកគេចពីសមត្ថកិច្ច បានបុកទៅនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមផ្លូកៅស៊ូក្នុងខេត្ត បណ្តាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ម៉ោង៩និង៣នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវខ្វែងទិសគ្នា ខាងជើងឈាងខាងលិចសាលាខេត្ត ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តតូយ៉ូតាកាមរីបាឡែនមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២G-៩៩៩១បើកបរដោយឈ្មោះ សិទ្ធិកាលី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិអូអំបិល ឃុំអូអំបិល ស្រុកសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២V- ៤៨៤០ បណ្តាលឲ្យរថយន្តប៉ើងខ្ទាតបោកទៅនឹងដើមគគីរ ដែលនៅនឹងចិញ្ចើមផ្លូវ ។

ក្រោយពេលកើតហេតុ ទើបដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍គឺជារថយន្តដឹកឈើប្រណីតពេញមួយរថយន្ត ដែលកំពុងតែព្យាយាមបើករត់គេចពីសមត្ថកិច្ច តាមប្រដេញតាមពីក្រោយ ។

អ្នកបើកបរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ហើយបើតាមចម្លើយ សារភាពរបស់អ្នកបើកបរថយន្តដឹកឈើ បានបញ្ជាក់ថា រថយន្តរបស់ខ្លួនជាអ្នកបង្កហេតុមែន ដោយសារ តែបានបើករត់គេចទាំងព្រលឹងចុងសក់ពីសមត្ថកិច្ច នៅពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុករថយន្តព្រូសនោះតែម្តង បណ្តាលឲ្យរថយន្ត ។

មធ្យោបាយបង្កត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី ។

បច្ចុប្បន្នរថយន្តដឹកឈើប្រណីត បានឆ្លងកាត់ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥មានជាហូរហែ បើទោះបីជាមានសមត្ថកិច្ចគ្រប់ស្ថាប័នបានឃ្លាំមើលតាមផ្លូវយ៉ាងណា ក៏ដោយ តែ នៅតែរថយន្តដឹកឈើប្រណីតខុសច្បាប់អាចធ្វើដំណើរបានយ៉ាងរលូនទៅដល់គោលដៅរបស់ ពួកគេដែរ ។ កម្រសមត្ថកិច្ចទាំងនោះចាប់បានណាស់ បើមិនមានឧប្បត្តិហេតុចៃដន្យនោះទេ នោះឈើប្រណីតទាំងឡានៗ បានឆ្លងកាត់យ៉ាងរំភើយ ទៅគោលដៅរបស់ខ្លួន ដោយមិនខ្លាចក្រែងសមត្ថកិច្ចអ្វីនោះទេ ៕ ចន្ថា


ចែករំលែក៖