ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកវាយ និងស្ដីឲ្យ ជិះម៉ូតូចេញពីផ្ទះទាំងយប់ ត្រូវក្រុមចោរវាយប្លន់យកម៉ូតូបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវក្រុមចោរធ្វើសកម្មភាពដេញតាមវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច ហើយគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច ខណៈដែលយុវជនរងគ្រោះខឹងឪពុកវាយនិងស្ដីឲ្យ ក៏ជិះម៉ូតូចេញពីផ្ទះទាំងយប់ដោយមិនបានគិតពីសុវត្ថិភាពរបស់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាយផ្លូវបេតុង ចំណុចមុខក្លឹបបុប្ផារាជនី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ញុន ចាន់បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅរោងចក្រ ស្នាក់ភូមិស្ពានខ្ពស់ ផ្ទះលេខ៨៦ ផ្លូវលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FK 5853 ។ ដោយសារខឹងឪពុកវាយក៏ជិៈម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅស្ទឹងមានជ័យរកកន្លែងដេក ពីព្រោះជិតកន្លែធ្វើការមកដល់ផ្លូវចាក់បេតុងទាល់មុខបុប្ផារាជនី រូបគេក៏ឈប់ម៉ូតូនិយាយទូរស័ព្ឌដៃ ខណៈដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ឌ្រីម សេ១២៥ មិនចាំស្លាកលេខមកពីក្រោយក៏ទាញជនរងគ្រោះទំលាក់ ហើយយកម៉ូតូជិះគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តែទួលសង្កែនោះឡើយ ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យទាំងនោះយកមកផ្ដាន់ន្ទាទោសតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖