ខេត្តបាត់ដំបង៖ ដោយសារគ្រឿងស្រវឹងបានធ្វើឲ្យបុរសម្នាក់បាត់បង់ស្មារតី រហូតស្រែកឡូឡារករឿងអ្នកផ្ទះនិយាយលែងស្ដាប់គ្នា បានយកម៉ូតូមួយគ្រឿងធ្វើសកម្មភាពដុតបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង ឆេះខ្ទេចលុះស្វាងស្រាទើបស្ដាយក្រោយ ។
ករណីបំផ្លេចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅក្រុមទី៦ ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បុរសប្រមឹកស្រាដែលបង្កហិង្សាអុកឡុកក្នុងផ្ទះនិងដុតម៉ូតូខាងលើនេះត្រូវបានស្គាល់ ឈ្មោះ សួន សំអុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខូចខាតអស់ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រឹម សេ១២៥ ពណ៍ខ្មៅ ស៊េរី២០១១ ឆេះអស់ ។
ក្រោយកើតហេតុ កម្លាំងជំនាញបាននាំខ្លួនបុរសបង្កហេតុ មកធ្វើការអប់រំនិងកិច្ចសន្យា រួចក៏ឲ្យត្រលប់ទៅផ្ទះវិញ ៕ សហការី